(ភ្នំពេញ)៖ មុនធ្វើសមាជ ដើម្បីជ្រើសរើសប្រធានគណបក្សថ្មីមួយថ្ងៃ , លោក ហេង ចន្ថា អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានចេញមុខប្រកាសគាំទ្រ និងដង្ហែព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិន ដើម្បីតបស្នងព្រះគុណូបការៈរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងសុំដង្ហែ ព្រះអង្គម្ចាស់ជាព្រះប្រធានគណបក្សគ្រប់កាលៈទេសៈ។ នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

គួរជម្រាបថា លោក ហេង ចន្ថា ត្រូវបានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីសម្រេចបញ្ចប់តំណែង និងសមាជិកភាព នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅជាមួយនឹងសមាជិកជាន់ខ្ពស់ ២រូបទៀតរួមមាន៖ លោក សាយ ហាក់ អនុប្រធាន និងលោក ផាន់ សិទ្ធី អគ្គលេខាធិការរងបក្ស។

តាមរយៈលិខិតលោក ហេង ចន្ថា បានគូសបញ្ជាក់ថា៖ «ទូលបង្គំ ហេង ចាន់ថា បានដង្ហែតាមព្រះកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមតនកោដ្ឋ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដោយស្វាមីភ័ក្រ ស្មោះត្រង់គ្រប់កាលៈទេសៈទាំងកម្លាំងកាយ ចិត្ត និងទ្រព្យធនឥតងាករេជារៀងដរាបមក»

លោក ហេង ចន្ថា បានបន្តថា ក្នុងកាលៈទេសៈដ៏មហាសែនលំបាកទូលព្រះបង្គំបានយល់ច្បាស់ថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាបញ្ញាវ័ន្ត មួយអង្គប្រកបដោយព្រះបញ្ញាញាណជាទីទំនុកចិត្តរបស់សមាជិក សមាជិការបស់គណបក្សហ៊្វុនស៊ិនប៉ិច និងសក្តិសមជាអ្នកបន្តវេន ពីព្រះអយ្យកោ និងព្រះបិតារបស់ព្រះអង្គ ដើម្បីគង់ជាព្រះប្រធានដឹកនាំគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ឱ្យមានប្រជាប្រិយភាព និងទទួលបានជោគជ័យយ៉ាងត្រចះត្រង់នាពេលខាងមុខនេះ។

អតីតអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចរូបនេះ បានគូសបញ្ជាក់បន្ថែមថា៖ «ដើម្បីថ្វាយព្រះគុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអគ្គមគ្គទ្ទេសប្រវត្តិសាស្រ្ត នៃគណបក្សហ៊្វុនស៊ិនប៉ិច ដូច្នេះ ទូលព្រះបង្គំ ព្រមទាំងក្រុមគ្រួសារ និងអ្នកគាំទ្រទួលព្រះបង្គំ ទាំងអស់សម្រេចចិត្តថ្វាយការគាំទ្រ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សដែលដាក់ជូនអង្គសមាជបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ»

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់បន្ថែមថា៖ «ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លោកទទួលសិទ្ធិ ពីសម្តេចក្រុមព្រះក្នុងការដឹកនាំ ហើយការសម្រេចយ៉ាងណាទៀត គណបក្សនឹងជូនដំណឹងនៅពេលក្រោយ»