(ពិភពលោក)៖ តាំងពីការបង្ហាញវត្តមាន ជាលើកដំបូងរបស់រថយន្ត Ford Mustang នៅលើទីផ្សារ រថយន្តនេះបានក្លាយជារថយន្ត ដែលលក់ដាច់បំផុតនៅទូទាំងពិភពលោក ដោយសារតែមានតម្រូវការយ៉ាងលើសលុប ពីសំណាក់អតិថិជន។
យោងតាមការវិភាគរបស់ក្រុមហ៊ុន IHS Automotive ក្រុមហ៊ុន Ford បានលក់រថយន្ត Ford Mustang ប្រភេទ Coupes (រថយន្តស្ព័រទ្វារមួយ) ចំនួន១១០០០០ នៅជុំវិញទូទាំងពិភពលោកក្នុងឆ្នាំ ២០១៥ និងឈរនៅលំដាប់កំពូល ក្នុងចំណោមដៃគូប្រកួតប្រជែងដទៃទៀតទាំងអស់។
មូលហេតុដែលធ្វើឲ្យអត្រាកំណេននៃការលក់ មានការសន្ទុះកើនឡើងយ៉ាងដូចនេះ គឺដោយ សារតែចំនួនរថយន្តដាក់លក់ នៅក្នុងទីផ្សារមានចំនួនកំណត់ ជាពិសេសនៅក្នុងទីផ្សារធំៗ ដូចជាប្រទេសចិន និងចក្រភពអង់គ្លេសជាដើម។ ការលក់សរុបនៃរថយន្ត Ford Mustang មានចំនួនប្រមាណ ១៤១៨៦៨ គ្រឿង ដែលក្នុងនោះមាន ៣០០០០គ្រឿង ជាប្រភេទរថយន្ត Convertible (ប្រភេទរថយន្តបើកដំបូល)។ នេះបានបង្ហាញឲ្យឃើញថា Ford Mustang ជារថយន្តដែលលក់ដាច់បំផុត ក្នុងចំណោមប្រភេទរថយន្តស្ព័រ ដទៃទូទាំងពិភពលោក។
លោក Erich Merkle អ្នកវិភាគផ្នែកលក់នៃក្រុមហ៊ុន Ford បានថ្លែងថា «ជាច្រើនទសវត្សរ៍មកហើយ ដែលអតិថិជននៅសហរដ្ឋអាមេរិក តែងតែនិយមប្រើបា្រស់រថយន្តស្ព័រ នាំចូលពីបរទេស ក៏ប៉ន្តែដោយសារមានការសម្ភោធ ជាផ្លូវការរបស់រថយន្ត Ford Mustang ស៊េរីថ្មី Ford បានទាក់ទាញចំណាប់អារម្មណ៍ អតិថិជនអាមេរិកត្រឡប់មកវិញ។ រថយន្ត Ford Mustang ទទួលបានការឆ្លើយតបគួរឲ្យកត់សម្គាល់ ពីទីផ្សារអន្តរជាតិ ក្រោយពីការសម្ភោធជាផ្លូវការបានបញ្ចប់»។
ទិន្នន័យកាលពីឆ្នាំ ២០១៥ បង្ហាញឲ្យឃើញថា ការលក់របស់រថយន្ត Ford Mustang នឹងមានការកើនឡើង នៅទីផ្សារក្រៅប្រទេសនៅឆ្នាំនេះ ដោយសារចំនួនរថយន្តនាំចូល ទៅក្នុងទីផ្សារមានចំនួនច្រើនជាងឆ្នាំទៅមិញ។
លោក Merkle បានបញ្ជាក់ថា អតិថិជននៅទូទាំងពិភពលោក មានការចាប់អារម្មណ៍ខ្លាំងជាង គេទៅលើរថយន្ត Ford Mustang ប្រភេទ V8។
របាយការណ៍លក់របស់រថយន្ត Ford Mustang នៅទ្វីបអឺរ៉ុប មជ្ឈឹមបូព៌ានិងទ្វីបអាហ្រ្វិក កាលពីរដូវក្ដៅឆ្នាំមុន មានអតិថិជនប្រមាណ ១៦៦០០ នាក់ បានកុំម្ម៉ង់ទិញរថយន្ត Ford Mustang នាពេលដាក់លក់ដំបូងនៅអឺរ៉ុប។ ហើយរថយន្ត ១៣០០០ គ្រឿងបានដាក់លក់កាលពីឆ្នាំមុន បច្ចុប្បន្នមានរថយន្ត ៤៧០០គ្រឿងកំពុងចរាចរណ៍លើដងផ្លូវ។
ទីផ្សារសំខាន់ៗជាច្រើនរួមមានចក្រភពអង់គ្លេស ចាប់ផ្តើមលក់រថយន្ត Mustang នៅត្រីមាសទីបួននេះ។ ការលក់សរុបមានចំនួន ៣៥០០គ្រឿង ហើយរថយន្ត១,០០០ គ្រឿងដំបូងត្រូវបានលក់ឲ្យអតិថិជន ប្រើប្រាស់នៅក្នុងខែមីនា។ នៅក្នុងប្រទេសអាល្លឺម៉ង់ រថយន្ត Ford Mustang ជារថយន្តដែលលក់ដាច់បំផុត នៅក្នុងខែមីនាបើយោងតាមទិន្នន័យ ដែលបានចេញផ្សាយដោយសហព័ន្ធយានយន្ត និងដឹកជញ្ជូនរបស់ប្រទេសអាល្លឺម៉ង់ (German Federal Motor Transport Authority, KBA)។ ទោះបីជាតម្លៃសាំងខ្ពស់បន្តិចមែន តែរថយន្ត Ford Mustang ម៉ាស៊ីន V8 5.0លីត្រ គឺជាជម្រើសម៉ាស៊ីនលេខ១ នៅក្នុងប្រទេសអាល្លឺម៉ង់។
រថយន្ត Ford Mustang គឺជារថយន្តដែលលក់ដាច់បំផុត កាលពីខែមុននៅក្នុងប្រទេសបារាំង បើយោងតាមទិន្នន័យពីសមាគមរថយន្ត Auxilliaire de l’Automobile។ Ford បានលក់ចេញនូវរថយន្ត Ford Mustang ចំនួន ៣៣៩ គ្រឿងនៅក្នុងប្រទេសបារាំង ក្នុងត្រីមាសដំបូងក្នុងឆ្នាំ ២០១៦។ ការលក់រថយន្តនៅភាគខាងត្បូងទ្វីបអាហ្រ្វិក ប្រទេស Cyprus និងប្រទេស Malta ក៏បានចូលរួមចំណែកបង្កើនបរិមាណ នៃការលក់ផងដែរ។
Ford Mustang ប្រភេទម៉ាស៊ីន Ecoboot V8 ពេញនិយមនៅអាស៊ី នៅក្នុងត្រីមាសទីបួនឆ្នាំ ២០១៥ រថយន្ត Mustang គឺជារថយន្តស្ព័រដែលលក់ដាច់បំផុត នៅក្នុងប្រទេសចិន ដែលការនាំចេញទៅតាមតំណាងភ្នាក់ងារ ចែកចាយនីមួយៗមានចំនួនច្រើន ជាងឆ្នាំមុន នេះបើយោងតាមទិន្នន័យក្រុមហ៊ុន IHS ។ រថយន្ត Ford Mustang ដែលប្រើម៉ាស៊ីន Ecoboost ទទួលការពេញនិយមជាងគេ នៅប្រទេសចិន។
ក្នុងអំឡុងពេលដាក់លក់រយៈពេលបីខែដំបូង នៅក្នុងប្រទេសអូស្ត្រាលី រថយន្ត Ford Mustang បានជាប់ចំណាត់ថ្នាក់ ជារថយន្តស្ព័រដែលលក់ដាច់បំផុត នៅក្នុងប្រទេស។ ដោយសារមានតម្រូវការខ្លាំង រថយន្តនេះនឹងត្រូវលក់ចេញអស់ក្នុងឆ្នាំ២០១៧ ប៉ុន្តែក្រុមហ៊ុន Ford បានគ្រោងនាំចេញ Ford Mustang 2000 គ្រឿងបន្ថែមទៀតនាចុងឆ្នាំនេះ។ អតិថិជននៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ជាង៩០ ភាគរយនិយមប្រើប្រាស់រថយន្ត Ford Mustang ម៉ាស៊ីន V8 5.0 លីត្រ។
រថយន្ត Mustang រក្សាភាពជារថយន្តនាំមុខ នៅអាមេរិកខាងជើងកាលពីខែមីនា រថយន្ត Ford Mustang លក់បានចំនួន ១២៥៦៣គ្រឿង ខណៈពេលដែល Chevrolet Camaro និង Dodge Challenger លក់បានចំនួន ១២២៤៨ ប៉ុណ្ណោះ។ រថយន្ត Mustang គឺជារថយន្តស្ព័រដែលលក់ដាច់បំផុត នៅក្នុងសហរដ្ឋអាមេរិកបាននៅក្នុងឆ្នាំ ២០១៥ និងប្រចាំត្រីមាសទីមួយនៃឆ្នាំ ២០១៦។
ជាធម្មតា នៅប្រទេសកាណាដារថយន្ត Ford Mustang លក់ដាច់ច្រើនជាងរថយន្ត Chevrolet Camaro ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៨៥ មកម្ល៉េះ នេះបើយោងតាមទិន្នន័យ ពីសមាគមក្រុមហ៊ុនផលិតរថយន្ត របស់ប្រទេសកាណាដា។ នៅប្រទេសកាណាដា រថយន្តប្រភេទស្ព័ររបស់ Ford លក់ដាច់ជាងរថយន្តប្រភេទស្ព័រដទៃ។
រីឯនៅប្រទេសម៉ិកស៊ិកវិញ រថយន្ត Mustang គឺជារថយន្តស្ព័រដែលលក់ដាច់បំផុត កាលពីឆ្នាំមុននេះបើយោងតាមទិន្នន័យក្រុមហ៊ុន IHS ។ ការលក់របស់រថយន្ត Ford Mustang នៅប្រទេសម៉ិកស៊ិក បានកើនឡើង ១៧៦ ភាគរយ នៅក្នុងឆ្នាំ ២០១៥ បើធៀបនឹងឆ្នាំ២០១៤៕