(រតនគិរី)៖ ស្ត្រីជាជនជាតិភាគតិចគ្រឹងម្នាក់រស់នៅខេត្តរតនគិរី ត្រូវប្ដីរបស់ខ្លួនប្រើហិង្សាវាយធ្វើបាបយ៉ាងដំណំលើរាងកាយទាំងដែលរូបគាត់មានផ្ទៃពោះផង ក៏បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងររហូតដល់ថ្នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយកូនក្នុងផ្ទៃត្រូវរលួតមិនអាចជួយសង្គ្រោះបាន ប៉ុន្តែយ៉ាងណាបុរសជាប្ដីកំណាចនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ។

យោងតាមការបញ្ជាក់ពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមជួយការពារសិទ្ធិជូនស្ត្រីរងគ្រោះខាងលើដែរនោះ បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ករណីខាងលើនេះបានកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាប្រហែលម៉ោង៣រសៀល ស្ថិតនៅចំណុចអូរផ្តុំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ដោយបុរសជាប្ដីមានឈ្មោះ ទុង តាក់ ជាជានជាតិភាគតិចទំពួន រីឯស្ត្រីរងគ្រោះមានឈ្មោះថា ជឹម តាសយ ជាជនជាតិភាគតិចគ្រឹង ខណៈប្ដីប្រពន្ធទាំងពីររស់នៅក្នុងភូមិទុស សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ដើមហេតុដែលនាំឱ្យកើតមានអំពើហិង្សានេះ គឺដោយសារបុរសជាប្ដីឈ្មោះ ទុង តាក់ មានចិត្តប្រចណ្ឌទៅលើប្រពន្ធរបស់ខ្លួន ជឹម តាសយ ជាមួយបុរសអ្នកជិតខាងម្នាក់ទៀតឈ្មោះ ឃឿន ក៏ឈានដល់ការប្រើអំពើហិង្សាលើប្រពន្ធខ្លួនឯងទាំងដែលនាងកំពុងពរពោះទៀតផង ដោយឈ្មោះ ទុង តាក់ បានទះកំផ្លៀងលើប្រពន្ធរបស់ខ្លួនមួយដៃ ទាត់មួយជើង បោចសក់ បោកទៅនឹងដី ហើយយកស្បែកជើងវាយប្រពន្ធចំនួន៥ដង និងធ្វើសកម្មភាពផ្សេងៗទៀត បណ្តាលឱ្យប្រពន្ធរបស់ខ្លួនរងរបួសជាទម្ងន់។

ក្រោយការកើតហេតុ ឈ្មោះ ទុង តាក់ ដែលជាប្តី ត្រូវបានសម្ថកិច្ចមូលដ្ឋានចុះឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី រឺឯស្ត្រីជាប្រពន្ធត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ ម្យ៉ាងវិញទៀត ដោយសារស្ត្រីជាម្ដាយរងហិង្សាធ្ងន់ធ្ងរពេក ក៏បានធ្វើឱ្យកូនក្នុងផ្ទៃប្រពន្ធរលួតស្លាប់ទៅទៀត។ នេះពិតជាហេតុអកុសលណាស់ ដែលបុរសជាប្ដីធ្វើទង្វើលើប្រពន្ធនិងកូនរបស់ខ្លួនបែបនេះ។ បន្ទាប់ពីសម្រាកព្យាបាលសុខភាពរយៈពេល១សប្តាហ៍រួចហើយ ស្ត្រីរងគ្រោះក៏បានត្រលប់ទៅផ្ទះវិញ ដែលនៅក្នុងភូមិទុស សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តថា បន្ទាប់ដឹងអំពីហេតុការណ៍គួរឱ្យអាណិតអាសូរបែបនេះហើយ នាយកដ្ឋានការពារក្ដីជូនជនក្រីក្រនៃគណៈមេធាវីកម្ពុជា បានចាត់តាំងមេធាវីការពារសិទ្ធិជូនស្ត្រី ជឹម តាសយ ដោយបានចុះទៅសួរសុខទុក្ខ និងនាំយកនូវអំណោយមួយចំនួនជូនដល់សាមីខ្លួនស្ត្រីរងគ្រោះផងដែរ។ គណៈមេធាវីបានបន្តទៀតថា ស្ថានភាពជីវភាពគ្រួសាររបស់ស្ត្រីរងគ្រោះខាងលើ គឺក្រីក្រលំបាកខ្លាំង៕