(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើរសុំបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ ត្រងទឹកភ្លៀងទុកសំរាប់ប្រើប្រាស់ នៅពេលមានភ្លៀងធ្លាក់នៅតំបន់មួយចំនួន។ សម្តេចបានបន្តទៀតថា ៣ថ្ងៃកន្លងមកនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ តែជាការចាប់ផ្តើមមួយដ៏ល្អ អាស្រ័យដោយកម្លាំងទាំងអស់ធ្វើសកម្មភាពព្រមៗគ្នា ហើយប្រជាជនមួយចំនួន ធំទទួលបានទឹកដែលគ្មានការ រើសអើងខាងនយោបាយ។
សម្តេច ហ៊ុន សែន បានហៅប្រតិបត្តិការនេះថា «យុទ្ធនាការមិនដកថយ ប្រសិនប្រជាជនមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់ ដូចមុនពេលរាំងស្ងួត»។ នេះបើយោងតាម Facebook របស់ សម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ។
សម្តេច បានមានប្រសាសន៍យ៉ាងដូចច្នោះថា «ដោយមានភ្លៀងធ្លាក់នៅតំបន់មួយចំនួន ខ្ញុំស្នើរសុំបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ ត្រងទឹកភ្លៀងទុកសំរាប់ប្រើប្រាស់។ កម្លាំងអន្តរាគមន៍ក្រៅពីដឹក ទឹកឬបូមទឹកជូនប្រជាជនប្រើប្រាស់ត្រូវយកចិត្តទុកដាក់លើការជីកស្រះ ស្តារស្រះទឹក ស្តារប្រឡាយទឹក ជីកអណ្តូង ស្តារអណ្តូងទឹក ដើម្បីឱ្យប្រជាជនមានទឹកប្រើប្រាស់ជាប្រចាំ មិនបាច់ចែកទឹកដូច ពេលនេះទៀត ទោះមានការរាំងស្ងួតទៀតក៏ដោយ។ គ្រោះមហន្តរាយរាំងស្ងួតឆ្នាំនេះបានផ្តល់មេរៀន ឱ្យយើងច្រើនមិនខុសពីទឹកជំនន់ ឆ្នាំ២០០០នោះឡើយ។ កម្លាំងមហាសាមគ្គីជួយគ្នាក្នុងគ្រាក្រ ក៏បានលេចចេញមកចំពោះមុខបងប្អូនជនរួមជាតិហើយ។ កម្លាំងមនុស្សធម៌ធំធេងណាស់ និងគ្មានព្រំដែនទេ នេះហើយជាចលនារបស់ជាតិយើង។ អ្នកធ្វើនិងអ្នកមិនធ្វើក៏នឹងលេចចេញនៅពេលនេះ ដែរតែ បើទោះមាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះដដែល»។
គួររំលឹកឲ្យដឹងថា ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិត សាកលវិទ្យាល័យធនធានមនុស្សនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងប្រឹងរហូតដល់ប្រជាពលរដ្ឋ មានទឹកប្រើប្រាស់គ្រប់គ្រាន់ ទើបយើងអាចបន្ធូដៃបាន ប៉ុន្តែឥឡូវនេះ នៅកាងដៃនៅឡើយទេ ហើយកាងដៃកាន់តែធំទៀត។ សម្តេចបន្តអំពាវនាវឲ្យបន្តយុទ្ធនាការចែកចាយទឹក ជូនប្រជាពលរដ្ឋ»។
បន្ទាប់ពីមានការអំពាវនាវពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ឲ្យបើកយុទ្ធនាការចែកចាយទឹក, ក្នុងរយៈមួយថ្ងៃពីរនេះយុទ្ធនាការចែកចាយទឹក ជូនប្រជាពលរដ្ឋដែលខ្វះខាតទឹក បាននឹងកំពុងរីកផុសផុលយ៉ាងខ្លាំង បាននឹងកំពុងជំរុញទៅមុខ និងកំពុងពង្រីកវិសាលភាពគ្រប់ដណ្តប់ លើភូមិសាស្រ្តកាន់តែធំ ប្រជាពលរដ្ឋទទួលបានទឹកមានចំនួនកាន់តែច្រើន៕