(ភ្នំពេញ)៖ ក្រសួងបរិស្ថាន-ក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូរពាក់ព័ន្ធ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការរៀបចំចក្ខុវិស័យតំបន់គោលដៅ និងផែនការវិនិយោគអេកូទេសចរណ៍នៅតំបន់ទេសភាពជួរភ្នំក្រវាញនិងបឹងទន្លេសាប»

សិក្ខាសាលានេះ បានធ្វើឡើងក្រោមវត្តមានលោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ និងជាប្រធានគ្រប់គ្រងគម្រោងនិរន្តរភាពទេសភាព និងអេកូទេសចរណ៍កម្ពុជា តំណាងលោក ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន, លោកជំទាវ ឆាយ សីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) លោក Werner Kornexl Task team Leader តំណាងធនាគារពិភពលោក និងលោក ទាង ឆាយហៀង អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងជាប្រធានគ្រប់គ្រងគម្រោង នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងដៃគូរពាក់ព័ន្ធនានា។

ក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បានចុះកុងត្រាជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Emerging360 ដើម្បីធ្វើការសិក្សា ការរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍ (Destination Vision and Investment Plan) សម្រាប់តំបន់ទេសភាពជួរភ្នំក្រវាញកម្ពុជា ដោយផ្តោតលើកាលានុវត្តភាពនៃការរៀបចំជាតំបន់អេកូទេសចរណ៍នៅក្នុងតំបន់ការពារ សម្រាប់ខេត្តសៀមរាប កំពង់ស្ពឺ និងកោះកុង ដែលក្នុងនោះរួមមានទី១៖ តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”, ទី២៖ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិភ្នំក្រវាញកណ្តាល និងទី៣៖ តំបន់ដែនជម្រកសត្វព្រៃតាតៃ និងពាមក្រសោប។

សិក្ខាសាលាពិគ្រោះយោបល់នេះ ធ្វើឡើងដើម្បីស្វែងយល់បន្ថែមលើទស្សនទាន គំនិត ធាតុចូលនានា និងដើម្បីធានាឲ្យមានការឆ្លើយតបទៅនឹងលទ្ធផលរំពឹងទុក នៃផែនការវិនិយោគទេសចរណ៍ សម្រាប់គោលដៅអេកូទេសចរណ៍ ដែលមានលក្ខណៈឆ្លុះបញ្ចាំងពីតម្រូវការរបស់ភាគីពាក់ព័ន្ធនានា និងទទួលបាននូវការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធសម្រាប់ចក្ខុវិស័យរួមនៃការអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយនិរន្តភាព ជាមួយនឹងកាលានុវត្តភាពជាការវិនិយោគអាទិភាពនានា សម្រាប់គោលដៅអេកូទេសចរណ៍ ដែលបានកំណត់ដូចដែលបានលើកឡើងខាងលើនេះ។

លោក ឃិន ម៉េងឃាង បានលើកឡើងថា គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនច្រវាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញនិងបឹងទន្លេសាប ដែលមានវិសាលភាពគ្របដណ្តប់តំបន់ការពារធម្មជាតិធម្មជាតិគោលដៅចំនួន៧ មានទំហំប្រមាណជាង ៣,៨លានហិកតា ស្ថិតក្នុងភូមិសាសាស្ត្រខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្ដសៀមរាប។

លោកបានបញ្ជាក់ថា គម្រោងនេះមានរយៈពេល៦ឆ្នាំ (២០២០-២០២៥) ដោយផ្តោតលើការពង្រឹងប្រព័ន្ធព័ត៌មានគាទ្រដល់ការធ្វើសេចក្តីសម្រេចចិត្តក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការការរៀបចំផែនការគ្រប់គ្រង និងការអនុវត្តច្បាប់ ការរៀបចំជួសជុលផ្លូវតភ្ជាប់នៅតាមជនបទ និងការងការពង្រឹងឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងច្រវាក់អនុផលព្រៃឈើ ជម្រើសជីវភាពរស់នៅដែលមានភាតរៈជាមួយបរិស្ថាន និងការពង្រឹងឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ តាមរយៈការកំណត់តំបន់ដែលមានសក្តានុពលធម្មជាតិនិងជីវៈចម្រុះស្រស់ស្អាត សំបូរបែបសម្រាប់រៀបចំជាតំបន់ទេសចរណ៍ធម្មជាតិ៕