(ភ្នំពេញ)៖ ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ លោក យ៉ឹម ប៊ុនរ៉ុម បានឆ្លើយតបហាក់ដូចជាការទះកំផ្លៀងរដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយបានអះអាងថា ធនធានទឹកមិនមែនគិតត្រឹមរឿងស្រោចស្រពដំណាំស្រូវ ហើយបោះបង់ការគិតរឿងកសិកម្មដទៃនោះទេ។ ក្នុងនោះសូម្បីការផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ខាងធនធានទឹកបានគិតគូរផងដែរ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ជារឿយៗត្រូវបានគេមើលឃើញថា ព្យាយាមយកវេទិកាសាធារណៈនានាវាយប្រហារទៅកាន់ក្រសួងធនធានទឹកថា មិនដែលគិតគូររឿងរៀបចំប្រព័ន្ធទឹកសម្រាប់ផ្គត់ផ្គង់ទៅលើដំណាំបន្លែបង្កាផ្សេងៗនោះឡើយ ហើយគិតតែរឿងស្រោចស្រពស្រូវ។

បើទោះបីមានការវាយប្រហារច្រើនដងទៅកាន់ក្រសួងធនធានទឹកយ៉ាងនេះក្តី តែរដ្ឋមន្ត្រីធនធានទឹក លោក លឹម គានហោ ចិត្តត្រជាក់ដូចទឹកកកមិនដែលតបតទៅកាន់រដ្ឋមន្ត្រីកសិកម្ម ដែលជាអតីតមន្ត្រីក្រោមឱវាទរបស់ខ្លួននោះឡើយ។

បើទោះបីថ្នាក់ក្រសួងមិនឆ្លើយតបយ៉ាងណាក្តី តាមរយៈសំណួររបស់អ្នកព័ត៌មានក្នុងសន្និសីទព័ត៌មានស្តីពីវឌ្ឍនភាពឃុំ-សង្កាត់ខេត្តបន្ទាយមានជ័យរៀបចំដោយអង្គភាពអ្នកនាំរាជរដ្ឋាភិបាលនាព្រឹកថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក យ៉ឹម ប៊ុនរ៉ុម បានឆ្លៀតឆ្លើយតប និងបំភ្លឺទៅលើបញ្ហានេះផងដែរ។

ដោយលើកពីក្របខណ្ឌខេត្តបន្ទាយមានជ័យជាឧទាហរណ៍ លោក យ៉ឹម ប៊ុនរ៉ុម បានអះអាងថា ក្រសួងធនធានទឹក ក៏ដូចជាមន្ទីរធនធានទឹកក្នុងខេត្តបន្ទាយមានជ័យ បានគិតគូរគ្រប់ជ្រុងជ្រោយទាំងអស់លើការផ្គត់ផ្គង់ទឹកនេះ ទាំងការស្រោចស្រពដំណាំស្រូវ និងការធ្វើរបរកសិកម្មដាំដុះ ការចិញ្ចឹមសត្វ បូករួមទាំងការប្រើប្រាស់របស់ប្រជាពលរដ្ឋថែមទៀតផង។

លោក យ៉ឹម ប៊ុនរ៉ុម បានឱ្យដឹងថា នៅក្នុងខេត្តបន្ទាយមានជ័យ ក្រៅតែពីការសង់ប្រឡាយធំៗហើយនោះ មន្ទីរក៏មានការសង់ប្រឡាយក្អែបៗតូចៗយកទៅស្រោចស្រពការដាំដំណាំផ្សេងៗទៀតផងដែរ។

លោក យ៉ឹម ប៊ុនរ៉ុម បានបញ្ជាក់យ៉ាងដូច្នេះ «វិស័យធនធានទឹកនេះ មិនមែនគិតតែស្រែទេ។ សរុបសេចក្តីមកគិតតាំងពីគោក្របី តាំងពីចម្ការ តាំងពីដំណាំឆ្លាស់ តាំងពីដំណាំឧស្សាហកម្ម តាំងពីស្រូវ តាំងពីហូបចុកប្រចាំថ្ងៃ គិតទាំងអស់»

សូមបញ្ជាក់ថា ក្នុងខេត្តបន្ទាយមានជ័យ ប្រព័ន្ធធារាសាស្រ្តដែលផ្តល់លទ្ធភាពក្នុងការស្រោចស្រពទាំងតូចទាំងធំចំនួន៨៧។ ក្នុងនោះ បែងចែកជាខ្នាតធំ ៦ប្រព័ន្ធ ខ្នាតមធ្យម ៧៥ប្រព័ន្ធ និងខ្នាតតូច ៦ប្រព័ន្ធ ដែលខ្នាតធំស្រោចស្រពចាប់ពី ពាន់ហិកតាឡើង ខ្នាតមធ្យមស្រោចស្រពក្រោម ៥ពាន់ហិកតា និងខ្នាតតូចស្រោចស្រពចាប់ពី ៥០០ហិកតាចុះ៕