(បាត់ដំបង)៖ លោកស្រី កែវ ដាណា អភិបាលរងខេត្តតំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២២ បានរៀបចំបើកកិច្ចប្រជុំបច្ចេកទេសរវាងក្រុមការងារគណ:កម្មការទាំង៥ ដើម្បីត្រៀមរៀបចំពិធីបើកនិងបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់រដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះមានការចូលរួមពីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការប្រតិបត្តិការសឹករងបាត់ដំបង, ថ្នាក់នាយកនាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ អង្គភាព ប្រធាន អនុប្រធានការិយាល័យគ្រប់ជំនាញ មន្រ្តីរាជការ សមាជិក សមាជិកា ក្រុមការងាគណ:កម្មការ អនុគណ:កម្មការរៀបចំអង្គសន្និបាតប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង។

បន្ទាប់ពីប្រធានក្រុមគណ:កម្មការជំនាញនីមួយៗ បានឡើងរាយការណ៍រួចមក លោកស្រីអភិបាលរងខេត្ត បានណែនាំបន្ថែមឲ្យក្រុមគណ:កម្មការជំនាញទាំងអស់ ដែលមាននៅក្នុងសេចក្តីសម្រេចស្រាប់ ត្រូវប្រជុំពិភាក្សាគ្នាចាត់តាំងតាមតួនាទី ទទួលខុសត្រូវ ទៅតាមជំនាញរបស់ខ្លួន ចាប់តាំងពីបានទទួលសេចក្តីសម្រេចនេះរួចហើយ ដូចជាការទទួលភ្ញៀវប្រតិភូអមដំណើរថ្នាក់ក្រសួង ថ្នាក់ជាតិ និងភ្ញៀវនានានៅថ្នាក់ខេត្តក្រុងស្រុកឃុំសង្កាត់ ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការទទួលខុសត្រូវផ្សេងៗទៀត ឲ្យបានរលូនល្អរហូតដល់ចប់កម្មវិធីអង្គសន្និបាតបូកសរុបប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០២២នេះដោយជោគជ័យ៕