(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហៃ សុងត្រា ភេទប្រុស អាយុ៣០ឆ្នាំ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅជិតមណ្ឌលចត្តាឡីស័កកូបធំ ស្ថិតក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថា ជនសង្ស័យមានការជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានតែម្ដងនៅវេលាម៉ោង ២០៖៣០នាទីថ្ងៃទី៦ ខែកម្ភ: ឆ្នាំ២០២២ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម៉្សៅក្រាមពណ៌សចំនួន០២កូនថង់កិប ស្មើនឹងទម្ងន់១,៥៥ក្រាម និងសម្ភារមួយចំនួនទៀត។ ជនសង្ស័យក្រោយពីឃាត់់ខ្លួន ត្រូវបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បី សួរនាំ។

ជនសង្ស័យឈ្មោះ ហៃ សុងត្រា ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីសមត្ថកិច្ចសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញ គ្រឿងញៀន មកទុកប្រើប្រាស់ខ្លួនឯងផង និងទុកលក់ដូរបន្តផង។

ដោយផ្អែកលើវត្ថុតាង និងចម្លើយសារភាពរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ៕