(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ជាមួយប្រធានាធិបតីអាមេរិកនាពេលខាងមុខ គឺជាមោទនភាពមួយសម្រាប់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងទាំងអស់ បូករួមទាំងក្រុមអ្នកប្រឆាំងសម្តេចដែលតែងទៅឈរក្រៅរបបសេតវិមានផងដែរ។

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានសរសេរលិខិតមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ក្នុងលិខិតនោះ លោក បៃដិន បានបញ្ជាក់ថា រង់ចាំស្វាគមន៍សម្តេចអញ្ជើញទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

តបការអញ្ជើញនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់រួចហើយថា នឹងអញ្ជើញទៅកាន់ក្រុងវ៉ាស៊ីនតោន ហើយជួបជាមួយលោក ចូ បៃដិន ដោយផ្ទាល់នៅទីនោះ។

ក្នុងសន្និសីទព័ត៌មាននាព្រឹកថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ផៃ ស៊ីផាន បានចាត់ទុកដំណើរសម្តេចតេជោ ហ៊ុន សែន ទៅកាន់ក្រុងវ៉ាស៊ីនតោន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់មេដឹកនាំកម្ពុជា ដែលមិនធ្លាប់មានមេដឹកនាំកម្ពុជារូបណា បានទៅកាន់សេតវិមាន ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយអាមេរិកបែបនេះនោះឡើយ។ លោកបានចាត់ទុកដំណើររបស់សម្តេចតេជោ ទៅកាន់ក្រុងវ៉ាស៊ីនតោន គឺជាមោទនភាពមួយរបស់ខ្មែរ រួមទាំងក្រុមប្រឆាំងដែលតែងតែឈរថតក្រៅរបងសេតវិមានផងដែរ។

លោក ផៃ ស៊ីផាន បានលើកឡើងដូច្នេះ «នេះជាលើកទី១ ដែលវីរៈបុរសរបស់កម្ពុជា ជាកូនអ្នកស្រែម្នាក់ ដែលលោកមានឱកាសចូលទៅដល់ក្នុងសេតវិមាន (White House) ដែលជាកន្លែងរដ្ឋបាលរបស់សហរដ្ឋអាមេរិក»

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បន្ថែមថា «នេះជាមោទនភាពរបស់កម្ពុជាមួយធំ មោទនភាពរបស់ប្រជាពលរដ្ឋពលរដ្ឋខ្មែរ ហើយអ្នកវាយតម្លៃមើលងាយជារឿងផ្សេងដាច់ដោយឡែក។ ប៉ុន្តែវត្តមានរបស់សម្តេចនៅសេតវិមានជាកិត្តិយសរបស់ខ្មែរយើង»

បើទោះបីជាយ៉ាងណាលោក ផៃ ស៊ីផាន មិនអាចបញ្ជាក់ពីពេលវេលាជាក់លាក់ និងរបៀបវារៈនៃកិច្ចប្រជុំដែលនឹងធ្វើឡើងរវាងប្រមុខដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិកនៅឡើយទេ។ តែលោក ផៃ ស៊ីផាន បានប៉ានស្មានថា របៀបវារៈដែលអាចជជែក គឺការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាមេរិក ក៏ដូចជាការពង្រឹងគោលជំហររបស់អាស៊ានលើនយោបាយឥណ្ឌូប៉ាស៊ីហ្វិក៕