(កំពង់ឆ្នាំង)៖ ក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះចំនួន៩ខ្នង នៅភូមិកំពង់បាស្រូវ ឃុំជលសា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា ក្នុងនាមថ្នាក់ ដឹកនាំខេត្តកំពង់ឆ្នាំងសូមពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនដែលរងគ្រោះដោយអគ្គីភ័យទាំងអស់នៅក្នុងស្រុកជលគិរីខេត្តកំពង់ឆ្នាំងនេះ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះទាំងអស់ខាងលើនេះថា សូមខិតខំពង្រឹងស្មារតីរកទទួលទានបន្តទៀត ព្រោះថាទ្រព្យសម្បត្តិបានបាត់បង់ទៅហើយ តែអាយុជីវិតយើងនៅមាន ដូច្នេះត្រូវពុះពារគ្រប់ឧបសគ្គដើម្បីគ្រួសារបន្តទៀត។

នៅក្នុងឱកាសនោះដែរលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ក៏បានថ្លែងទៀតថា ពិតជាសោកស្ដាយខ្លាំងណាស់ចំពោះការបាត់បង់ទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនាពេលនេះ ក្នុងនាមតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកស្រីសូមចូលរួមសោកស្ដាយយ៉ាងក្រៃលែង។

ជាមួយនឹងទុក្ខលំបាករបស់បងប្អូនក្នុងថ្ងៃនេះអាជ្ញាធរខេត្តសាខាកាកបាទក្រហមខេត្តស្រុក បានយកចិត្តទុកដាក់សាកសួរសុខទុក្ខដល់បងប្អូន និងនាំអំណោយមកផ្តល់ជូន គឺជាការគិតគូរដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះទាំងអស់ផងដែរ។

យោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ផ្ទះពលរដ្ឋរងគ្រោះដោយអគ្គីភ័យសរុបមានចំនួន៩ខ្នងក្នុងនោះ៦ខ្នងផ្ទះ បានឆេះខ្ទេចទាំងស្រុង និង៣ខ្នងផ្ទះទៀតរងការប៉ះពាល់ឆេះអស់ ជញ្ជាំងមួយចំហៀង ចំណែកអំណោយដែលផ្ដល់ជូនក្នុង ថ្ងៃនេះ រួមមាន៖ សម្រាប់ប្រជាពលរដ្ឋដោយភ្លើងឆេះផ្ទះខ្ទេចទាំងស្រុង មានអង្ករ២៥គីឡូ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ កៅស៊ូតង់១ សំ ភារៈផ្ទះបាយមួយឈុត និងថវិកាសរុបក្នុងមួយគ្រួសារ ៤០ម៉ឺនរៀល។

ចំណែកប្រជាពលរដ្ឋដែលរងការប៉ះពាល់មានចំនួន៣គ្រួសារ ផ្ទះត្រូវភ្លើងឆេះជញ្ជាំងអស់មួយចំហៀង ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០ កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា៥ម៉ឺនរៀល។
ដោយឡែក ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីចុះសាកសួរសុខទុក្ខនោះដែរទទួលបានថវិកាម្នាក់២ម៉ឺនរៀល និងកុមាររាកុមារីម្នាក់១ម៉ឺនរៀលផងដែរ។ គួរបញ្ជាក់ថា អគ្គិភ័យឆេះផ្ទះអស់៩ខ្នងនៅភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគីរី បានកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ៕