(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោកបណ្ឌិត Thomas Teuscher ដែលត្រូវបានចាត់តាំងដោយទីភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍន៍របស់ប្រទេសស្វីស ជាអ្នកត្រួតពិនិត្យផ្ទៃក្នុងអំពីការគាំទ្របច្ចុប្បន្នរបស់ស្វីស ទៅលើប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផា ដែលជួបពិភាក្សាការងារ តាមរយៈប្រព័ន្ធអនឡាញ។

ជាកិច្ចចាប់ផ្តើមលោកស្រីរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ ចំពោះវត្តមានរបស់លោកបណ្ឌិត Thomas និងសហការី និងកោតសរសើរចំពោះការផ្តួចផ្តើមសិក្សា អំពីដំណើរការផ្តល់សេវាថែទាំព្យាបាលកុមារ ដោយឥតគិតថ្លៃរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងធានានិរន្តរភាពរបស់មន្ទីរពេទ្យ។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា គឺលោកវេជ្ជបណ្ឌិត Beat Richner ដែលបានបង្កើតមន្ទីរពេទ្យនេះឡើង និងបានផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ និងមិនយកថ្លៃសេវាពីអ្នកជំងឺ។

លោកស្រីរដ្ឋលេខាធិការ បានគូសរំលេចថា រហូតមកដល់ពេលនេះ ទោះបីជាអវត្តមានរបស់ លោកវេជ្ជបណ្ឌិត Beat Richner ក៏ដោយ តែរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលស្វីស និងប្រជាជនស្វីសដែលតែងតែគាំទ្រមូលនិធិគន្ធបុប្ផា ដើម្បីចូលរួមចំណែកផ្គត់ផ្គង់គាំទ្រឱ្យមន្ទីរពេទ្យនេះ នៅតែអាចបន្តដំណើរការផ្តល់សេវារបស់ខ្លួនដដែល។

លោកបណ្ឌិត Thomas បានសម្តែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលតែងតែផ្តល់នូវការគាំទ្រ និងកិច្ចសហការដ៏ល្អ ទើបមន្ទីរពេទ្យគន្ធបុប្ផាអាចបំពេញបេសកម្មមនុស្សធម៌ដ៏ថ្លៃថ្លារបស់ខ្លួន ដោយជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកបណ្ឌិតបានសម្តែងនូវការព្រួយបារម្ភអំពីនិរន្តរភាពនៃមន្ទីរពេទ្យនេះ ជាពិសេសការគាំទ្ររបស់របស់រដ្ឋាភិបាលស្វីស ក្នុងរយៈពេលមធ្យម និងរយៈពេលវែង។ លោកបណ្ឌិត Thomas ក៏បានលើកឡើងអំពីការស្វែងយល់យន្តការធានារ៉ាប់រងសុខភាព នៅកម្ពុជា។

ជាការឆ្លើយតប លោកស្រីរដ្ឋលេខាធិការ បានសម្តែងអំណរគុណចំពោះរដ្ឋាភិបាលស្វីស ដែលតែងតែឧបត្ថម្ភគាំទ្រ ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យ និងស្នើសុំបន្តការគាំទ្រនេះបន្ថែមទៀតរួមជាមួយរាជ រដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបំពេញបេសកម្ម មនុស្សធម៌នេះ សម្រាប់សុខុមាលភាពកុមារ និងប្រជាជនកម្ពុជា។

លោកស្រីរដ្ឋលេខាធិការក៏បានជម្រាបបន្ថែមថា កម្ពុជាកំពុងអនុវត្តកម្មវិធីការគ្រប់ដណ្តប់សុខភាពជាសាកល (Universal Health Coverage) និងមានទិសដៅសម្រេចឱ្យបាននៅឆ្នាំ២០៣០៕