(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យចិញ្ចឹមត្រីរ៉ស់ និង ត្រីឆ្តោ ទាំងជាលក្ខណៈគ្រួសារ និង ពាណិជ្ជកម្មឡើងវិញហើយ បន្ទាប់ពីបានបិទអស់ជាច្រើនឆ្នាំ។
យោងតាម សជណ របស់ទីស្តីការគណៈរដ្ឋមន្រ្តីផ្ញើជូនលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែមេសា ដែល Fresh News ទើបទទួលបាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការអនុញ្ញាតឲ្យចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោឡើងវិញនេះ ដើម្បីបង្កើនប្រាក់ចំណូល និងការងារជូនប្រជាពលរដ្ឋ។
បើទោះបីអនុញ្ញាតឲ្យមានការចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោឡើងវិញក៏ដោយ តែអ្នកចិញ្ចឹមត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ដើម្បីងាយស្រួលគ្រប់គ្រង និងផ្តល់បច្ចេកទេស ព្រមទាំងការព្យាបាលជំងឺ។ លក្ខខណ្ឌ នៃការចិញ្ចឹមត្រីនេះ ត្រូវចេញដោយប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងធានាឲ្យបាននូវបទដ្ឋានបច្ចេកទេសសមស្រប និរន្តរភាពធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន។
សូមបញ្ជាក់ថា ការចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោ ត្រូវបានរាជរដ្ឋាភិបាលហាមមិនឲ្យចិញ្ចឹមអស់ជាច្រើនឆ្នាំមកហើយ ដោយខ្លាចប៉ះពាល់ដល់ការបំផ្លាញ់កូនត្រីក្នុងទឹកសាប។ ការបិទមិនឲ្យចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោនេះ នាំឲ្យកម្ពុជានាំចូលត្រីប្រភេទនេះពីប្រទេសជិតខាងរាប់ម៉ឺនតោនក្នុងមួយថ្ងៃៗ ដើម្បីផ្គត់ផ្គង់ទីផ្សារ។
លោក វេង សាខុន រដ្ឋមន្រ្តីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចដាក់សំណើសុំការអនុញ្ញាតចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោឡើងវិញ កាលពីសប្តាហ៍កន្លងទៅនេះ។ លោក វេង សាខុន បានបញ្ជាក់ប្រាប់ Fresh News ថា ការចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោ មិនតម្រូវឲ្យយកកូនត្រីធ្វើជានុយតែមុខនោះទេ គឺអាចផលិតចំណីឲ្យវាស៊ីក៏បាន។
លោក វេង សាខុន បានលើកឡើងថា ប្រទេសជិតខាងអាចិញ្ចឹមត្រីទាំងនេះបាន ចុះហេតុអ្វី ក៏កម្ពុជាមិនអាចចិញ្ចឹម ដើម្បីផ្គត់ផ្គង់ទីផ្សារដោយខ្លួនឯង?