(ព្រះវិហារ)៖ ទីវត្តអារ៉ាមដ៏កំសត់មួយ ស្ថិតនៅទីជនបទដាច់ស្រយ៉ាលជាប់ជើងភ្នំក្នុងភូមិសំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានប្រែមុខមាត់ថ្មី ដោយចាប់ផ្តើមសាងសង់ខ្លោងទ្វារចូលវត្ត ដែលមានក្បាច់រចនាយ៉ាង ប្រណិតជាលើកដំបូង បន្ទាប់ពីវត្តមួយនេះបានកសាងមានអាយុកាល៧០ឆ្នាំមកហើយ គិតមកដល់ថ្ងៃនេះ។

ព្រះតេជគុណ នឿម គឹមសាន្ត ចៅអធិការវត្តទក្សិណគីរី ហៅវត្តសំឡាញ បានមានសង្ឃដីកាឲ្យដឹងថា វត្តនេះមានអាយុកាល៧០ឆ្នាំមកហើយ នេះបើតាមការនិយាយរៀបរាប់ឲ្យដឹងពីប្រវត្តិវត្តមួយនេះពីសំណាក់ចាស់ ទុំ នៅក្នុងភូមិ។ ព្រះតេជគុណបន្ថែមថា មូលហេតុដែលវត្តមួយនេះ មិនមានការអភិវឌ្ឍន៍រីកចម្រើនដូចវត្តដ៏ទៃទៀតនោះ ដោយសារវត្តនេះនៅតំបន់ជនបទដាច់ស្រយ៉ាល ជាប់ជើងភ្នំ ដែលកាលពីប្រទេសជាតិមិនទាន់មានការ អភិវឌ្ឍន៍ដូចសព្វថ្ងៃ គឺមិនសូវមានអ្នកចំងាយធ្វើដំណើរឆ្លងកាត់ទេ។

ព្រះគ្រូចៅអធិការវត្ត បានមានសង្ឃដីកាឲ្យដឹងទៀតថា ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍រីកចម្រើន គ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រនោះ វត្តទក្សិណគី ឬហៅវត្តសំឡាញ ក៏ចាប់ផ្តើមប្រែមុខមាត់ថ្មី ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជា ពុទ្ធបរិស័ទជិត ឆ្ងាយ បានចូលជាបច្ខ័យកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងវត្តនេះជាហូរហែផងដែរ។

ក្នុងនោះខ្លោងទ្វារចូលវត្ត ដែលរយះពេល៧០ឆ្នាំមកហើយ មិនដែលសាងសង់បានយ៉ាងល្អប្រណិតបែបនេះនោះ ក៏ត្រូវបានសាងសង់ឡើងជាលើកដំបូង ក្រោមការជួយឧបត្ថម្ភគាំទ្រពីលោក សំ លាងទ្រី ប្រធានក្រុមការងារខេត្ត ចុះជួយស្រុកសង្គមថ្មី និងក្រុមការងារនូវទឹកប្រាក់៥០%។ ព្រះតេជគុណមានសង្ឃដីកាបន្ថែមថា «បើគ្មានលោក សំ លាងទ្រី ជាជំហរក្នុងការកសាងទេ ព្រះតេជគុណក៏មានហ៊ានសាងសង់ដែរ ព្រោះទំហំទឹកប្រាក់នៃការសាងសង់ខ្លោងទ្វារនេះ អស់ថវិកា២២៣០០ដុល្លារឯណោះ»។

ព្រះតេជគុណ នឿម គឹមសាន្ត ក៏បានមានសង្ឃដីការបញ្ជាក់ឲ្យដឹងថា ខ្លោងទ្វារចូលវត្តនេះ ចាប់ផ្តើមកសាងក្នុងខែតុលា ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្រេចការសាងសង់បាន៨០%ហើយ។ ព្រះតេជកុណបានចាត់ទុកខ្លោងទ្វារនេះ ជាម៌តកសម្បត្តិវប្បធម៌យូរអង្វែងសម្រាប់ជាតិសាសនាខ្មែរយើង ហើយព្រះអង្គក៏បានអំពាវនាវដល់ពុទ្ធបរិស័ទជិត ឆ្ងាយ ចូលរួមបច្ច័យកសាងខ្លោងទ្វារនេះតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន បន្ទាប់ពីខ្លោងទ្វារដ៏ប្រណិតនេះបានសាងសង់រួចរាល់ ព្រះអង្គក៏មានគម្រោងសាងសង់សាលាឆាន់មួយទៀត ដោយសារសាលាឆាន់បច្ចុប្បន្ននេះដែលសាងសង់ពីឈើ មានសភាពចាស់ទ្រុឌទ្រោមណាស់ហើយ៕