(ភ្នំពេញ)៖ លោក Ek Nath Dhakal ប្រធានសហព័ន្ធសន្តិភាពសកល (UPF) ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក និងជាប្រសិតពិសេសនៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ បានពន្យល់ពីមូលហេតុដែលធ្វើឲ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបាន «ពានរង្វាន់សន្តិភាពស៊ុនហាក់ ២០២២»។
សម្តេចតេជោ ហ៊ុន សែន បានទទួលពានរង្វាន់កិត្តិយសពិសេសទី៣ របស់ស្ថាបនិកឆ្នាំ២០២២ (2022 Founders’ Special Honorary Award) ក្នុងនាមជាថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៉ីអាគ្នេយ៍ និងជាអ្នកគាំទ្រដំណើរការសន្តិភាពថ្មីនៅលើឧបទ្វីបកូរ៉េ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំកិច្ចប្រជុំកំពូលពិភពលោក និងការប្រកាសជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក Ek Nath Dhakal បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន មានសមិទ្ធផលបង្ហាញពីភាពជាអ្នកដឹកនាំឆ្នើមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៉ីអាគ្នេយ៍។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព ដោយបានចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាសន្តិភាពអន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាព រួមទាំងកម្មវិធីដែលរៀបចំដោយសហព័ន្ធសន្តិភាពសកល (UPF) ហើយជាពិសេសបានបង្ហាញពីភាពជាអ្នកដឹកនាំឆ្នើម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៉ីអាគ្នេយ៍។
កម្ពុជាបានធ្វើជាប្រធានសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ ២០០២, ២០១២, និង ២០២២ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប (ASEM) លើកទី១៣ ក្នុងឆ្នាំ២០២១ ដោយជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់អាស៉ី។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រដំណើរការសន្តិភាពថ្មីនៅលើឧបទ្វីបកូរ៉េ ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាសហប្រធាននៃ «កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ» ស្របតាមគម្រោងសន្តិភាពកូរ៉េរួមដែលជាដំណើរការសន្តិភាពថ្មីមួយនៅលើឧបទ្វីបកូរ៉េ ហើយដែលស្នើឡើងដោយលោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន។ កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ គឺជាគំនិតផ្ដួចផ្ដើមរបស់អង្គការអន្តរជាតិមួយដែលបានចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយមានមេដឹកនាំ និងបញ្ញវន្តមកពីប្រទេសចំនួន ១៥៧ ហើយដែលមានទំនាក់ទំនងការទូតរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការដឹកនាំដើម្បីឈានដល់ការឈានដល់ទំនាក់ទំនងអន្តរកូរ៉េ។
កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ បានប្រារព្ធធ្វើសន្និសីទអន្តរជាតិមួយដើម្បីគោរពរំលឹកដល់ទស្សនវិស័យ របស់លោកបណ្ឌិត សាន់ ម្ញ៉ុងមូន (Dr. Sun Myung Moon) និង លោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន (Dr. Hak Ja Han Moon) ដែលបានបូជាលះបង់ជីវិតរបស់ពួកលោកដើម្បីសន្តិភាព និងការបង្រួបបង្រួមឧបទ្វីបកូរ៉េ។ ពួកលោកបានប្រថុយជីវិតដើម្បីចូលទៅក្នុងប្រទេសកូរ៉េខាងជើង ហើយធ្វើជំនួបប្រជុំកំពូលសន្តិភាពជាមួយលោក គីម អ៉ីលស៊ុង (Kim Il-sung) ដែលជាមេដឹកនាំកំពូលទីមួយរបស់កូរ៉េខាងជើង៕