(សៀមរាប)៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានហៅសហគមន៍បឹងឈូកថា ជាគំរូនៃសហគមន៍ទេសចរណ៍ ដែលធានាបាននូវការរីកចម្រើនប្រកបដោយបរិយាប័ន (ភាពស្មើៗគ្នា) ការពារផលប្រយោជន៍រួមនៅក្នុងសហគមន៍ និងចូលរួមការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងពិធីសន្និបាតរបស់សហគមន៍បឹងឈូក លោក ឃឹម ហ្វីណង់ បានលើកឡើងថា សហគមន៍ទេសចរណ៍បឹងឈូក គឺជាសហគមន៍បង្គោលមួយនៅក្នុងស្រុកបន្ទាយស្រី ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលស្រុក លើការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ក្នុងរយៈកាលកន្លងមក នេះគឺជាលើកទី៣ហើយ ដែលលោកបានចូលរួមនៅក្នុងសន្និបាតរបស់សហគមន៍។

លោកបន្តថា សន្និបាតប្រចាំឆ្នាំរបស់សហគមន៍ ក្នុងបរិបទមួយ ដែលសហគមន៍កំពុងធ្វើការសម្រេចចិត្តសំខាន់ៗជាយុទ្ធសាស្ត្រមួយចំនួន ដើម្បីចាប់យកសក្តានុពលនៃការរីកចម្រើនវិស័យទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី។ ភាពជោគជ័យនៃសហគមន៍បឹងឈូក កំពុងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ជាគំរូដល់ការបង្កើតសហគមន៍ផ្សេងៗទៀត នៅក្នុងស្រុកបន្ទាយស្រី ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍនៅក្នុងមូលដ្ឋានមួយ ដែលមាននិរន្តភាព និងប្រកបដោយចីរភាព។

លោកអភិបាលស្រុក បានបន្តទៀតថា សហគមន៍មានសមាជិកមកពីប្រមាណ ៣០០គ្រួសារនេះ មានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ មានលក្ខន្តិកៈច្បាស់លាស់ មានរបបប្រជុំទៀងទាត់ និងមានការបោះឆ្នោតជ្រើសរើសតំណាងដឹកនាំរបស់ខ្លួនជាប្រចាំផងដែរ។ ក្រៅពីបានបង្កើតកាងារ និងប្រាក់ចំណូលដល់សមាជិកសហគមន៍ ក៏បានបង្ហាញពីការទទួលខុសត្រូវខាងផ្នែកសង្គម តាមរយៈការបង្កើតមូលនិធិផ្ទាល់ខ្លួនដាច់ដោយឡែក ដើម្បីចូលរួមយ៉ាងសកម្មលើការងារអភិរក្សជីវៈចម្រុះរបស់បឹង ឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ ឬទន្ទ្រានយកដី និងចូលរួមថែរក្សាបរិស្ថានអនាម័យជាមួយរដ្ឋបាលស្រុកជាប្រចាំផងដែរ។

សូមបញ្ជាក់ថា សហគមន៍ទេសចរណ៍បឹងឈូក គឺជាប្រតិបត្តិករនៃរមណីយដ្ឋានបឹងឈូកបន្ទាយស្រី ដែលកំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តពី៥០០នាក់ទៅ១០០០នាក់ក្នុងមួយថ្ងៃ។ ដោយសារតែសម្រស់ធម្មជាតិព្រៃភ្នំដ៏ស្រស់ស្អាត ផ្ទៃបឹងធំល្វឹងល្វើយ ខ្យល់អាកាសល្អបរិសុទ្ធ មានរៀបចំជាកញ្ចុះបណ្តែតទឹក និងសេវាម្ហូបអាហារគ្រប់ប្រភេទ រួមនឹងការជិះទូកកម្សាន្តទស្សនាព្រៃកោងកាង សត្វស្លាប និងជីវៈចម្រុះច្រើនប្រភេទ៕