ការសាកសួរកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំបានបិទបញ្ចប់ហើយ ខណៈតុលាការអះអាងថាការសាកសួរ ទទួលបានលទ្ធផលល្អ
29-04-2016 10:46
(ភ្នំពេញ)៖ នៅមុននេះបន្តិច តុលាការបានបញ្ចប់ការសាកសួរ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំហើយ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ។ បើតាមការអះអាងរបស់ព្រះរាជអាជ្ញា លោក កែវ សុជាតិ បានឲ្យដឹងថា ក្រោយការ សាកសួរ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ គឺការសាកសួរនេះ ទទួលបានលទ្ធផល។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃដដែល កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយលោក កឹម សុខា បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមការកោះ ហៅរបស់តំណាងអយ្យការ ពាក់ព័ន្ធនឹងបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា។ ហើយកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានដាក់ពាក្យប្តឹង ពីបទ បរិហារកេរ្តិ៍លើម្ចាស់ខ្សែអាត់សំឡេងមួយ ដែលគេសង្ស័យជាការសន្ទនា រវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងនារីឈ្មោះ ខុម ចាន់តារ៉ាទី៕