(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យថ្នាក់ដឹកនាំ និងក្រុមការងារចុះពិនិត្យការផ្គត់ផ្គង់ទឹក នៅតាមសាលារៀនឲ្យបាន ពីរដងក្នុងខែឧសភាខាងមុខនេះ។ លោក ហង់ ជួនណារ៉ុន បានស្នើនាយកដ្ឋានសំណង់ រៀបចំស្តង់ដារក្នុងការសាងសង់សាលារៀន ដែលគួរឲ្យមានស្រះទឹក ឬអាងស្តុក ទឹកសម្រាប់ប្រើប្រាស់រយៈពេលវែង នៅតាមសាលារៀន ដែលជួបការលំបាកផងដែរ។
លោក ហង់ ជួនណារ៉ុន បានផ្ដល់នូវការណែនាំដោយស្នើសុំកិច្ចសហការ ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរដែនដីក្នុងការដឹកទឹកសម្រាប់ផ្ដល់ជូនតាមសាលារៀនដែលខ្វះខាត ជាពិសេសចំពោះសាលារៀនដែលតែងតែផ្ដល់អាហារ ព្រឹកដល់សិស្សានុសិស្ស និងសាលារៀន ដែលមានរបបដាំបាយជាដើម។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ លោកស្រីប្រធាននៃក្រសួងអប់រំ យុវជន និងកីឡាជាច្រើននាក់ទៀត។
ការប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យលទ្ធភាព ក្នុងចុះជួយសាលារៀននៅតាមខេត្តមួយចំនួនដែលកំពុងខ្វះទឹក ដោយសារការកើនឡើងនូវកម្ដៅលើផ្ទៃប្រទេសកម្ពុជា ក៏ដូចជា នៅក្នុងតំបន់ និងក្នុងពិភពលោក៕