(ស្ទឹងត្រែង)៖ លោក ទេព ងន អនុប្រធានទី២ព្រឹទ្ឋសភា លោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈាង ឡាក់ អភិបាលរង ខេត្ត តំណាងឲ្យលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំសមាជិកព្រឹទ្ឋសភា អ្នកតំណាងរាស្រ្ត និងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថា្នក់ ចុះចែកទឹកប្រើ ប្រាស់ដល់ ប្រជាពលរដ្ឋនៅក្នុងស្រុក សៀមប៉ាងចំនួន៩ភូមិ ក្នុងឃុំចំនួន២ គឺឃុំស្រែសំបូរ និងឃុំព្រែកមាស ដែលមានប្រជាពលរដ្ឋរងគ្រោះរាំងស្ងួតខ្វះទឹកប្រើប្រាស់ចំនួន៦៤៤គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ១៣៤៦គ្រួសារ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ។
យុទ្ឋនាការចុះចែកទឹកជូនប្រជាពលរដ្ឋរងគ្រោះរាំងស្ងួតខ្វះទឹកប្រើប្រាស់នេះ បានប្រើប្រាស់ទឹកជាមធ្យមក្នុងមួយថ្ងៃចំនួនប្រមាណ៤០.០០០លីត្រ សម្រាប់ស្រុកសៀមប៉ាង និងមានចម្ងាយ១០គីឡូម៉ែត្រ ពីប្រភពទឹក។ លើសពីនេះទៀត លោក អនុប្រធានទី២ព្រឹទ្ឋសភា និងថ្នាក់ដឹកនាំខេត្ត បានផ្តល់ជូនប្រជាពលរដ្ឋនូវ កានដាក់ទឹកចំណុះ៣០លីត្រចំនួន៨៨០កាន ទឹកសុទ្ធចំណុះ២០លីត្រ ចំនួន៣០០ធុង តង់កៅស៊ូទំហំ៤x១០ម៉ែត្រសម្រាប់ស្តុកទឹកតាមភូមិ ចំនួន១៥តង់ ស៊ីទែនទឹកសម្រាប់ដឹកទឹកចំណុះ៥០០០លីត្រចំនួន២ ស៊ីទែនចំណុះ២០០០លីត្រចំនួន២ និងស៊ីទែនចំណុះ៥០០លីត្រ ចំនួន២។
ដោយឡែក ចំពោះស្រុកថាឡាបរិវ៉ាត់ មានប្រជាពលរដ្ឋ១៧៣គ្រួសារ ក្នុងឃុំស្រែឬសី្សដែលរងគ្រោះខ្វះទឹក ក៏ត្រូវបានដោះសា្រយទាន់ពេលវេលាផងដែរ។
គួរបញ្ជាក់ផងដែរថា គណៈបញ្ជាការឯកភាពខេត្ត ដែលដឹកនាំដោយលោក ម៉ុម សារឿន បានដឹកនាំដោយប្រើប្រាស់នូវមធ្យោបាយសរុប ដើម្បីធ្វើការដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់នេះ ជូនប្រជាពលរដ្ឋទាន់ពេលវេលា ក្នុងនោះរួមមាន ការប្រើប្រាស់រថយន្តដឹកទឹកមន្ទីរសាធារណៈការខេត្ត រថយន្តមន្ទីរធនធាទឹកខេត្ត និងបានសហការជាមួយយោធភូមិភាគទី១ និងកម្លាំងយោធាសឹករងស្ទឹងត្រែង ព្រមទាំងគោយន្តកន្ត្រៃរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ៕