(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យភាគីពាក់ព័ន្ធទាំងកម្ពុជា និងចិន ពន្លឿនការបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅកម្ពុជាឲ្យបានឆាប់។

ជាមួយគ្នានេះ សម្តេចតេជោក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈការអនុវត្តន៍នូវវិធានសុខាភិបាល និងចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ទាំងដូសជំរុញ និងដូសមូលដ្ឋាន ដើម្បីបង្កើតធាតុសុំាក្នុងសហគមន៍យើង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ប្រភពវ៉ាក់សាំងដែលយើងនៅតែត្រូវការបន្ត គឺយកពីចិន ហើយសូមឲ្យខិតខំរួមគ្នាជំរុញ ដើម្បីបង្កើតមូលដ្ឋានផលិតវ៉ាក់សាំងនៅកម្ពុជា ដែលយើងបាននិយាយគ្នារួចហើយ បង្កើតរោងចក្រផលិតវ៉ាក់សាំងបាននៅកម្ពុជា គឺពេលនោះយើងមានរបស់ក្នុងដៃ ពិតមែនតែយើងបញ្ជាទិញពីរោងចក្រផលិតនៅកម្ពុជា ក៏ប៉ុន្តែវាមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដោយមិនពិបាកក្នុងការដឹកជញ្ជូនពីចម្ងាយ [...] សូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងប្រឹងប្រែង ធ្វើយ៉ាងណាកុំឲ្យដើរថយក្រោយ ខានចូលឆ្នាំពីរឆ្នាំហើយ ឆ្នាំនេះយើងត្រូវធ្វើឲ្យបាន»

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកូវីដ១៩ នៅកម្ពុជាមានការធ្លាក់ចុះ ហើយរយៈពេលជាង៣០ថ្ងៃមកនេះ គ្មានអ្នកស្លាប់ក្តី ជាមួយការបើកសេដ្ឋកិច្ចពេញលេញក៏ដោយ ប្រជាពលរដ្ឋយើងមិនត្រូវភ្លេចខ្លួននោះទេ ត្រូវរក្សាការការពារជំងឺកូវីដ១៩ និងបន្តយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ជាមួយនឹងការចាក់ជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់ដូសមូលដ្ឋាន ដើម្បីឲ្យមានភាពសុំាក្នុងសហគមន៍។

សម្តេចតេជោបានថ្លែងបញ្ជាក់ពីផែនការទិញវ៉ាក់សាំងបន្ថែម សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបន្តទៀត ក្នុងនោះមានមិត្តចិត្តបានសម្រេចផ្តល់អំណោយ ៥លានដូស ខណៈកម្ពុជាបញ្ជាទិញពីចិន៣លានដូសថែមទៀត សរុប៨លានដូសដែលមកដល់កម្ពុជា ខណៈវ៉ាក់សាំង៨.៨លានដូស កំពុងមានក្នុងឃ្លាំង។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការមានវ៉ាក់សាំងគ្រប់គ្រាន់ គឺជាការធានាចំពោះប្រជាពលរដ្ឋ ឲ្យមានភាពសុំាក្នុងសហគមន៍ កុំឲ្យមានមនុស្សស្លាប់តទៅទៀត ដោយសារជំងឺកូវីដ១៩។ កន្លងមកធ្លាប់មានការលើកយោបល់ឲ្យមានការយកប្រាក់ ពីការវ៉ាក់សាំងដូសជំរុញ ប៉ុន្តែសម្តេចបដិសេធ និងតម្រូវឲ្យចាក់វ៉ាក់សាំងដោយមិនគិតប្រាក់ សម្រាប់ប្រជាពលរដ្ឋរបស់យើង ព្រោះបើយកលុយពីប្រជាពលរដ្ឋ ក៏រដ្ឋមិនក្លាយជាអ្នកមាននោះដែរ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការសន្យារបស់សម្តេចទៅកាន់ក្រុមហ៊ុនផលិតវ៉ាក់សាំង ស៊ីណូវ៉ាក់ របស់ចិនថា មិនយកវ៉ាក់សាំងដែលទទួលបាននោះទៅឲ្យប្រទេសដទៃទៀតនោះទេ ខណៈកម្ពុជាធ្លាប់ផ្តល់ជូនវៀតណាម ២០ម៉ឺនដូស និងឡាវ ៧០ម៉ឺនដូស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនធ្វើជានាយទាហាន ដោយឲ្យកងទ័ពចូលប្រយុទ្ធ គ្មានអាវុធ គ្មានគ្រាប់នោះទេ ដូចគ្នាដែរត្រូវឲ្យពេទ្យទាំងអស់ ត្រូវមានមធ្យោបាយគ្រប់គ្រាន់ក្នុងដៃ ការចាក់វ៉ាក់សាំងក្តី ឬថ្នាំការពារ ដូច្នេះទើបរាជរដ្ឋាភិបាលទិញវ៉ាក់សាំងយកមកដាក់រក្សាទុក។

សម្តេចតេជោបានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង សម្រាប់ប្រជាជនកម្ពុជា និងថ្លែងអំណរគុណប្រភពគាំទ្រទាំងឡាយ ដែលបានផ្តល់វ៉ាក់សាំងមកដល់កម្ពុជា មានដូចជា ជប៉ុន អាមេរិក អង់គ្លេស ហូឡង់ អូស្ត្រាលី ប៉ូឡូញ៕