(អ៉ីតាលី)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងកត់សម្គាល់នៅក្នុងដំណើរទស្សនាទីតាំងផ្ទាល់នៃព្រះវិហារឌួម៉ូ Duomo ក្នុងទីក្រុង Milan នៃប្រទេសអ៉ីតាលី ថាចំពោះព្រះវិហារឌួម៉ូ Duomo ដែលធ្វើអំពីថ្មម៉ាបប្រកបដោយក្បាច់រចនាដ៏រស់រវើក និងការតុបតែងរូបចម្លាក់រាប់ពាន់ដ៏គួរឲ្យស្ញប់ស្ញែង និងមានភាពល្បីល្បាញលើពិភពលោក ដោយបានកសាងទ្បើងអូសបន្លាយពេលវេលាជិត៦សតវត្សពីឆ្នាំ១៣៨៦-១៩៦៥ ដែលជាព្រះវិហារគ្រិស្ដសាសនាកាតូលិកមួយ នៅក្នុងប្រវត្តិសាស្រ្តនៃស្ថាបត្យកម្មអ៉ីតាលីនោះ គឺត្រូវបានកំណត់កម្ពស់ បើគិតពីចំនួនលេខ១០៨ម៉ែត្រ។

លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះសិល្បះស្ថាបត្យកម្មនៃព្រះវិហារឌួម៉ូ Duomo នេះ អ្វីដែលឃើញពីភាពអស្ចារ្យនៃព្រះវិហារ គឺត្រូវបានកំណត់កម្ពស់ បើគិតពីចំនួនលេខ១០៨ម៉ែត្រនេះ គឺជាអ្វីដែលឃើញពីភាពអស្ចារ្យនៃប្រាសាទភ្នំបាខែង Phnom Bakheng Temple នៃកម្ពុជា ដែលមានចំនួនទំាងអស់ បើគិតពីរចំនួនលេខ១០៨ ដែលជាចំនួនលេខដ៏ស័ក្កិសិទ្ធមួយ ។ ពោលចំពោះចំនួនលេខ១០៨ ពាក់ព័ន្ធទៅនឹងវិស័យតារាសាស្ត្របុរាណ ។ ព្រោះក្នុងប្រក្រតិទិនខ្មែរបុរាណ ដែលគេគិតថ្ងៃខែតាមដំណើរព្រះចន្ទ ឬចន្ទគតិ គេឃើញមានចំនួនចក្រទាំងអស់១០៨។

បើពោលពីប្រាសាទភ្នំបាខែង Phnom Bakheng Temple នេះទៀតគឺជាប្រាសាទដែលកសាងឡើងនៅឆ្នាំ៩០៧នៃ គ.ស .ចុងស.វ.ទី៩ ដោយរាជព្រះបាទយសោវរ្ម័នទី១ ស្ថិតនៅពីលើកំពូលភ្នំធម្មជាតិ ដើម្បីតំកល់ព្រះសិវលិង្គ ស្រីយសោធរេស្វរ: មានន័យថា"ម្ចាស់ប្រកបដោយសិរីមង្គល" ដែលមានទីតាំងនៅចំកណ្ដាលទីក្រុងយសោធរបុរ: ជាតំណាងនូវចំណុច ឬភ្នំកណ្ដាលនៃចក្រវាឡ ជាប្រាសាទដ៏ស្កឹមស្កៃ មាន៥ថ្នាក់ ហើយនៅជាន់លើគេបង្អស់ តំណាងនូវស្ថានត្រៃត្រឹង្សនោះ គឺគេឃើញមានប្រាសាទចំនួន៤ទៀត អមប្រាសាទកណ្ដាល ឬភ្នំមាស។

មួយវិញទៀតលេខ១០៨នេះ ក៏ជាតំណាងឲ្យកថាខណ្ឌទាំង១០៨ ដែលមានក្នុងមហាគម្ពីរទេវ តំណាងនូវចំណេះដឹងកំពូលនៃលោកយើងនេះ។ បានសេចក្ដីថា ជនជាតិខ្មែរនាសម័យមហានគរបានស្គាល់នូវទស្សនវិជ្ជាធំៗ ស្ដីអំពីលោកធាតុព្រមទាំងគម្ពីរវេទ ដែលតំណាងឲ្យការចេះដឹងជ្រៅជ្រះគ្រប់វិស័យ ហើយបានសាងសង់ប្រាង្គប្រាសាទទាំងនោះឡើង ជានិមិត្តរូបបង្រួមនៃលោកធាតុដ៏ឧត្តុងឧត្តមគ្មានពីរក្នុងលោក។

លោក រត្ន័ សណ្ដាប់ បានបញ្ជាក់ដូចនេះចំពោះវិហារឌួម៉ូ Duomo ក្នុងទីក្រុង Milan នៃប្រទេសអ៉ីតាលីដែលមានអាយុកាលប្រមាណ៦០០ឆ្នាំមកនេះ គឺជាសំណង់ស្ថាបត្យកម្ម មានភាពសម្បូរបែប និងទូលំទូលាយនៃសិល្បៈដោយយើងឃើញបច្ចេកទេសក្នុងការបញ្ចុះផ្ទាំងថ្មទៅក្នុងដីរាបស្មើ ឬលើកបន្ដុបលើគ្នារហូតដល់កំពូលដោយប្រើប្រាស់ស៊ីម៉ង់ ក្នុងការតភ្ជាប់គ្នាពីមួយផ្ទាំងទៅមួយផ្ទាំង ហើយនៅតាមជញ្ជំាង ឬនៅតាមកំពូលនីមួយៗ មានលម្អទេវកថាទាក់ទងនិងជំនឿសាសនាកាតូលិកយ៉ាងវិចិត្រ ប្រៀបដូចជាភ្នំថ្មកែវដែលផុសទ្បើងចំកណ្ដាលទីក្រុង Milan ដើម្បីបម្រើឲ្យជីវិតលោកីយ៍សច្ចះ ពោលគឺជាការកសាងមូលដ្ឋាននៃជំនឿសាសនា។

ស្ថិតនៅជុំវិញបរិវេណនៃព្រះវិហារឌួម៉ូ Duomo នេះទៀតសោត យើងឃើញមានទិដ្ឋភាពអាគារជាច្រើនរួមទាំងសារមន្ទីរ អាហារដ្ឋាន ហាងលក់ទំនិញប្រណិតៗរបស់ម៉ាកល្បីៗលើពិភពលោកយ៉ាងចម្រុះដោយឌួម៉ូ Duomo បានឈរយ៉ាងរឹងមាំជាយុថ្កានៃប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ខ្លួន៕