(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) បានអញ្ជើញចូលរួមសម័យប្រជុំលើកទី៤៥ របស់ខ្លួនតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះផ្តោតលើការធ្វើបច្ចុប្បន្នភាពបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនឲ្យស្របទៅនឹងការវិវត្តថ្មីៗនៃស្ថានការណ៍ពិភពលោក និងការរីកចម្រើននៃបច្ចេកវិទ្យាបច្ចុប្បន្ន។

ក្នុងនោះ កិច្ចប្រជុំក៏បានលើកយកបញ្ហាប្រឈមនានា ជុំវិញបញ្ហាឥស្លាមដែលកំពុងកើតមាននាពេលបច្ចុប្បន្ន ជាពិសេសគឺការទប់ស្កាត់នូវសារស្អប់ខ្ពើម ការលាបព័ណ៌ធ្វើឲ្យខូចរូបភាពឥស្លាម និងអំពើភេរវកម្មផ្សេងៗ។

ជាមួយគ្នានោះដែរ អង្គប្រជុំក៏បានកោតសរសើរ និងធ្វើការគាំទ្រចំពោះថ្នាក់ដឹកនាំតាមបណ្តាប្រទេសមិនមែនឥស្លាមនីមួយៗ ដែលបានយកចិត្តទុកដាក់ចំពោះសាសនាទាំងអស់ ដែលបានធ្វើឲ្យមានសុខដុមបនីយកម្មជាតិសាសន៍ និងសាសនា។

សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំនេះ គឺស្របទៅតាមគោលនយោបាយ និងសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យកម្ពុជា មានការរីកចម្រើនលូតលាស់ លើគ្រប់វិស័យទាំងអស់ នាំមកនូវសុខសន្តិភាពដ៏ពេញលេញ គ្មានការរើសអើងជាតិសាសន៍ ធ្វើឲ្យប្រជាជនកម្ពុជាគ្រប់ជាតិសាសន៍រស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។

គួរឲ្យដឹងផងដែរថា RABITA ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអ៊ូឌ ដែលមានមានទីស្នាក់ការ នៅទីក្រុងម៉ាកាស់ (Makkah) ប្រទេសអារ៉ាប៊ីសាអូឌីត មានការិយាល័យរបស់ខ្លួនជាច្រើន ដែលគ្រប់ដណ្តប់ចំនួន ៩៥ ប្រទេស៕