(ពោធិ៍សាត់)៖ រមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃជាង១០កន្លែងបាននិងកំពុងវិវត្តខ្លួនជាមួយនឹងសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់នៅស្រុកវាលវែង ខណៈដែលស្រុកមួយនេះ ត្រូវបានជាប់ឈ្មោះជាស្រុកទេសចរណ៍ល្បីបំផុតនៅខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នមានការវិនិយោគអភិវឌ្ឍជាច្រើន ដើម្បីបម្រើដល់កំណើនភ្ញៀវទេសចរគ្រប់ជាតិសាសន៍។

ទីតាំងដែលជាទីចាប់អារម្មណ៍ខ្ពស់នោះ គឺនៅរ៉បមាត់ផ្លូវជាតិលេខ៥៥ តំបន់ភ្នំ១៥០០ «ផ្លូវបុប្ផាលាក់ខ្លួន» ដែលទីតាំងទាំងនោះសុទ្ធសឹងតែជាទីគាប់ប្រាថ្នារបស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ ដែលចង់មកគយគន់ និងថតរូបទុកជាអនុស្សាវរីយ៍នូវទេសភាពព្រៃភ្នំ ទឹកធ្លាក់ និងខ្សែផ្លូវបត់បែនឡើងចុះដូចអន្ទង់អាំង។

ភ្ញៀវទេសចរដែលបានមកលេងនៅទីនោះ មិនត្រឹមតែគយទេសភាពដ៏ស្រស់ស្អាតគ្មានពីរប៉ុណ្ណោះទេ ភ្ញៀវទេសចរប្រាកដជាឆ្ពោះទៅច្រកថ្មដា ដែលជាច្រកព្រំដែនរវាងកម្ពុជា-ថៃ ពោលគឺរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត។ នៅទីនោះភ្ញៀវទេសចរក៏អាចឆ្លងកាត់ទៅលេខខេត្តត្រាតបានដែរ ដែលមានផ្សារលក់ដូរម្ហូបអាហារ ផ្លែឈើ នំចំណី ជាប់មាត់សមុទ្រ និងមានរបស់របរមួយចំនួនទៀត។ ចំពោះការបើកឱ្យចូលទៅទស្សនានៅខេត្តត្រាតនេះ គឺមានការបើកជាចន្លោះថ្ងៃ មានន័យថា បើកមួយថ្ងៃ ខានមួយថ្ងៃ តែដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ទាំងភាគីកម្ពុជា និងភាគីថៃ បានផ្អាកការចេញចូលសម្រាប់ភ្ញៀវទេសចរណ៍មួយរយះសិន។ មួយវិញទៀត ភ្ញៀវទេសចរក៏អាចទិញម្ហូបអាហារ គ្រឿងសមុទ្រយកមកទទួលទានបាន ឬអាចកម្មង់ទិញយកទៅធ្វើម្ហូបទទួលទានបានផងដែរ។

ក្រលែកមើលរមណីយដ្ឋាន «ថ្មដាផារ៉ាដាយរីសត - Thmorda Paradise Resort» ឯនេះវិញ គឺសុទ្ធតែកែច្នៃឡើងពីធម្មជាតិ ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទៅថតរូបទុកជាអនុស្សាវរីយ៍ (Pre-Wedding) លេងកម្សាន្ត បោះតង់ ងូតទឹក មានបន្ទប់តូចធំស្នាក់នៅតាមតម្រូវការ សមស្របទៅនឹងអាកាសធាតុត្រជាក់គ្រប់រដូវកាល មិនចាញ់ខេត្តមណ្ឌលគិរីនោះឡើយ។

បើតាមការផ្សព្វផ្សាយរបស់រមណីយដ្ឋាន «ថ្មដាផារ៉ាដាយរីសត - Thmorda Paradise Resort» បានឱ្យដឹងពីសេវាកម្មនៅទីនោះ គឺមានបន្ទប់ជួល (បឹងកាឡូ) តម្លៃចាប់ពី៥០ទៅ១០០ដុល្លារ មានតង់សម្រាប់ជួលតម្លៃចាប់ពី២០ទៅ៣៥ដុល្លារ អាចងូតទឹកលេងក្នុងអាងសិប្បនិម្មិត ឬទឹកជ្រោះតូចនៅក្បែរទីនោះ អាចអាំងសាច់ ឬរាំច្រៀងកម្សាន្ត និងអាចមើលអំពិលអំពែកបានផងដែរ។

រមណីយដ្ឋាននេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណជា១៧២គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងមានចម្ងាយប្រមាណជា៣៦២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕