(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅយប់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក មីន អោងឡាំង មេដឹកនាំកំពូលយោធាភូមា បានសន្យាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះករណី អ្នកជំនាញសេដ្ឋកិច្ច លោក សន ថឺនែល (Sean Turnell)។

លោក ជុំ សុន្ទរី បានបញ្ជាក់ដូច្នេះថា៖ «ក្នុងកំឡុងពេលពិភាក្សាជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អមឡាំង សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកពីករណី លោកសាស្ត្រាចារ្យ ឈន ធននេល ដូចតាមការស្នើសុំរបស់ រដ្ឋមន្ត្រីការប្រទេសអូស្ត្រាលី ហើយឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានផ្តល់ការធានាថា គាត់នឹងធ្វើការពិចារណាករណីនេះឡើងវិញនៅពេលដែលដំណើរការតុលាការត្រូវបានបញ្ចប់»

លោក Turnell ដែលជាសាស្រ្តាចារ្យជនជាតិអូស្រ្តាលី បានបំពេញការងារជាទីប្រឹក្សាមួយរូបរបស់អតីតមេដឹកនាំមីយ៉ាន់ម៉ា គឺលោកស្រី អោង សាន ស៊ូ ជី នៅពេលដែលលោកត្រូវបានគេចាប់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំមុន ពោលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយផ្ទុះរដ្ឋប្រហារយោធា។ សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចរូបនេះ ត្រូវបានចោទប្រកាន់ពី បទបំពានច្បាប់ការពារព័ត៌មានសម្ងាត់រដ្ឋរបស់មីយ៉ាន់ម៉ា ហើយកំពុងប្រឈមនឹងការដាក់ទោសជាអតិបរមា ឱ្យជាប់ពន្ធនាគាររហូតដល់១៤ឆ្នាំ។

បើតាមលោក ជុំ សុន្ទរី ពាក់ព័ន្ធនឹងករណីនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា សង្ឈឹមថា នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង នឹងគោរពចំពោះការធានារបស់គាត់ជាមួយ សម្តេចតេជោជានាយករដ្ឋមន្ត្រី។

រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីនាថ្ងៃអាទិត្យនេះ ក៏បានបន្តអំពាវនាវឱ្យមានការដោះលែង អ្នកជំនាញសេដ្ឋកិច្ច លោក សន ថឺនែល (Sean Turnell) ដែលត្រូវបានរដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា ចាប់ឃុំឃាំងអស់រយៈពេល១ឆ្នាំមកហើយ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមប្រធានអាស៊ាន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានជួបសន្ទនាជាថ្មីម្តងទៀតជាមួយនាយឧត្តមសេនីយ៍ មីង អោងឡាំង តាមប្រព័ន្ធវីដេអូ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងការវិវឌ្ឍន៍នានាពាក់ព័ន្ធបញ្ហារបស់មីយ៉ាន់ម៉ា។ នៅក្នុងជំនួបនោះ សម្តេចបានដាក់សំណើចំនួន ៤ចំណុច ទៅកាន់នាយឧត្តមសេនីយ៍ មីង អោងឡាំង ដើម្បីជាគន្លឹះឈានទៅដោះស្រាយជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ៕