(ភ្នំពេញ)៖ គិតត្រឹមម៉ោង១១៖៣០នាទី យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ មានរយៈពេលប្រមាណ១៤ម៉ោងហើយ ដែល អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបន្តសាកសួរលើមន្រ្តីអាដហុក និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿង ខុម ចាន់តារ៉ាទី ហៅស្រី ប៉ុន្តែការសាកសួរចម្លើយនេះ នៅមិនទាន់ចប់នៅឡើយទេ។
តាមសេចក្តីរាយការណ៍ក្រុមអ្នកសារព័ត៌មាន និងអ្នកឃ្លាំមើល នៅអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ ACU បានបន្តសាកសួរលើមនុស្ស៦នាក់ ក្នុងនោះ រួមមាន មន្រ្តីអាដហុក៤នាក់ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, លោក លឹម មុន្នី, លោក នី ចរិយា អគ្គលេខាធិការគ.ជ.ប និង លោកស្រី ធីតា ឃឹះ ប្រធានអង្គការស៊ីលីកា។ ប៉ុន្តែលោកស្រី ធីតា ឃឹះ ត្រូវបាន ACU អនុញ្ញាតឱ្យទៅកាន់គេហដ្ឋានវិញ នៅម៉ោងជាង ១២៖០០ថ្ងៃត្រង់ បន្ទាប់ពីសាកសួរបានប៉ុន្មានម៉ោង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅមនុស្ស៨នាក់ ឱ្យចូលបំភ្លឺជុំវិញការណែនាំឱ្យស្រីមុំ កុំឱ្យនិយាយការពិតប្រាប់សមត្ថកិច្ច នៅពេលសាកសួរកន្លងទៅ។ ការកោះហៅនេះ បានធ្វើឡើងបន្ទាប់ពីមានលិខិតចំហររបស់ស្រីមុំ ដែលបកស្រាយលាតត្រដាងការពិត និងមានការចាប់ខ្លួនមេឃុំម្នាក់ឈ្មោះ ស៊ាង ចែត ដែលបានយកលុយ៥០០ដុល្លារ ទៅឱ្យពុកម្តាយស្រីមុំ ។
កញ្ញាស្រីមុំ បានចោទមេឃុំរូបនេះថា យកលុយឱ្យឪពុកម្តាយរបស់នាង ដើម្បីឱ្យពួកគាត់ជួយណែនាំដល់នាង កុំឱ្យនិយាយការពិត អំពីទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា៕