(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអំពាវដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាសុខសន្តិភាព ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។

លោកស្រីបានថ្លែងយ៉ាងដូច្នេះក្នុងពិធីចែកឯកសណ្ឋានដល់ប្រជាការពារភូមិ នៅវត្តកំពង់ស្វាយ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រី ឃួន ឃុនឌី បានអំពាវនាវដល់ប្រជាការពារ និងប្រជាពលរដ្ឋទាំងអស់រួមគ្នាបន្តអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលទើបបានកែសម្រួលថ្មីរបស់រាជរដ្ឋាភិបាល និងចូលរួមថែរក្សាសុខសន្តិភាព ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រីបានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលដែលទើបកសាងថ្មីៗនៅក្នុងឃុំ និងបន្តពួតដៃគ្នាថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងអំពើពាលាអាវាសែនានា តាមរយៈការគាំទ្រនិងជំរុញសម្រេចនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ឱ្យកាន់តែដំណើរការទៅដោយរលូននិងប្រកបដោយប្រសិទ្ធភាព។

លោកស្រីក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ និងប្រជាការពារត្រូវបន្តអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ៣ការពារ និង៣កុំរបស់សម្តេចតេជោ ហ៊ុន សែន និងផ្សព្វផ្សាយឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់គ្នា។

ជាមួយគ្នានេះ លោកស្រីសមាជិកព្រឹទ្ធសភា និងក្រុមការងារបានចុះពិនិត្យទីតាំងរៀបចំសម្ពោធស្ពានឆ្លងស្ទឹងសែន ដែលជាសមិទ្ធផលថ្មីបានកសាងរួចរាល់ក្នុងឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨-១០ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងពិធីនេះដែរ លោកស្រីបានផ្តល់ជូនប្រជាការពារភូមិចំនួន៦ភូមិ (ភូមិកំពង់ស្វាយ ភូមិចុងព្រៃ ភូមិព្រៃព្រះ ភូមិត្នោត ភូមិសូរជ័យ ភូមិតាប៉ោង) ដែលមានគ្នាសរុប៧៤នាក់ ក្នុង១នាក់ទទួលបានឯកសណ្ឋានប្រជាការពារ១ឈុត ក្រមា១ និងថវិកា២ម៉ឺនរៀល ប្រគេនបច្ច័យកសាងវត្ត៥០ម៉ឺនរៀល រួមនិងគណកម្មការវត្តទទួលបានថវិកាមួយចំនួនផងដែរ៕