(កំពង់ស្ពឺ)៖ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះអប់រំផ្សព្វផ្សាយស្តីពី «សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារក ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩» ជូនដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជចំនួន៥១នាក់ នៅមណ្ឌលសុខភាពវាលអង្គពពេល ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ការចុះអប់រំផ្សព្វផ្សាយនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ និងក្រុមការងារ សហការជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ថ្នាក់សាខា ខេត្តកំពង់ស្ពឺ ។

លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខជូនចំពោះក្មួយៗស្ត្រីជាមាតាទាំងអស់ និងបានគូសបញ្ជាក់ពីគោលបំណងនៃកម្មវិធីដេីម្បីអបអរទិវាជាតិសុខភាព មាតា ទារក និងកុមារ ២១កុម្ភៈ ខួបលេីកទី១២ឆ្នាំ ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១ នាឱកាសដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តម ជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ បន្ទាប់ពីទទួលបានគោរមងារជា ឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី -ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៦។

ជាមួយគ្នានេះ លោកស្រីបានផ្តាំផ្ញេីដល់ក្មួយៗទាំងអស់សូមបន្ត ចែករំលែកនូវចំណេះដឹងពីការអប់រំផ្សព្វផ្សាយថ្ងៃនេះ និងបទពិសោធន៍ឱ្យបានទូលំទូលាយ ដេីម្បីចូលរួមលេីកកម្ពស់សុខភាពមាតា ទារក និងកុមារ , ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន និងឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ក៏ដូចជាចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ហេីយអនុវត្តការរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មី។

ក្នុងឱកាសនោះដែរ ស្ត្រីជាមាតា បានចែករំលែក និងបង្ហាញពីការយល់ដឹងរបស់ខ្លួនពាក់ព័ន្ធទៅនឹង សារសំខាន់ក្នុងការថែទាំសុខភាព, ការពិនិត្យសុខភាពមុនពេលរៀបការ, ការពិនិត្យផ្ទៃពោះយ៉ាងតិច៤ដង , ការសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ, ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ស្ត្រីមានផ្ទៃពោះ រួមជាមួយការអនុវត្តវិធានការ ៣ការពារ និង៣កុំ , ការបំបៅកូនដោយទឹកដោះម្តាយ, ក៏ដូចជាការយល់ដឹងពីមេរោគអេដស៍ និងទប់ស្កាត់ការចម្លងជំងឺផ្សេងៗទៀតពីម្តាយទៅកូន។ល។

ទន្ទឹមនឹងនេះ ដែរ ស្ត្រីជាមាតាទាំងអស់ បានថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ដែលបានដាស់តឿន និងក្រេីនរំលឹកពីសារអប់រំសុខភាព ព្រមទាំងបានឧបត្ថម្ភអំណោយរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រេីប្រាស់ និងថវិកាមួយចំនួនទៀតផង។

សូមបញ្ជាក់ថា បន្ទាប់ពីកម្មវិធីខាងលេី លោកស្រី ម៉ែន នារីសោភ័គ និងសហការី បានអញ្ជេីញចុះសួរសុខទុក្ខ និងចែកអំណោយដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទេីបសម្រាលកូនរួចចំនួន ២គ្រួសារ រស់នៅភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ផងដែរ៕