(ភ្នំពេញ)៖ លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា ពេលនេះកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមស្វែងរកដើម្បីនាំខ្លួន អតីតបុគ្គលិកណាហ្គាវើលដ៍ ចំនួន៤នាក់ទៀត។

ការខិតខំស្រាវជ្រាវដើម្បីចាប់ខ្លួននេះ ជាការអនុវត្តតាមដីការបញ្ជាឱ្យចូលខ្លួន របស់ព្រះរាជអជ្ញារ អមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដោយយោងលេីមាត្រា១១ នៃច្បាប់ប្រឆាំងកូវីដ ។

បើតាម អ្នកនាំពាក្យរូបនេះ មនុស្ស៤នាក់ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួន រួមមាន៖ ទី១៖ ខេង ចិន្តា (ស្រី), ទី២៖ អ៊ុក សុភ័ក្រម៉ូលីកា (ស្រី) , ទី៣៖ ម៉េង កាន់នីកា (ស្រី) និងទី៤៖ អេង ស្រីបូ (ស្រី)។

សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២២ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការនាំខ្លួនមនុស្ស៣នាក់ផងដែរ តាមដីការបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី រារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងនោះមាន៖ ឈ្មោះ ជួប ចាន់ណាត , ឈ្មោះ សេង វណ្ណរិទ្ធ និង ឈ្មោះ សៅ សម្បត្តិ ជាដើម ខណៈដែលមានមនុស្ស ៤នាក់បន្ថែមទៀត ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ ក្នុងចំណោមក្រុមបាតុកររបស់អតីតបុគ្គលក្រុមហ៊ុនណាហ្គាវើលដ៍ ដែលប្រមូលផ្ដុំគ្នាដោយខុសច្បាប់៕