(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្ញើសារប្រាប់ទៅក្រុមបាតុករនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ កុំឱ្យលលេងនឹងសំណាញ់ច្បាប់។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការទាមទារតាមទំនើងចិត្ត ពុំមែនជាសិទ្ធិដែលត្រូវបានការពារដោយច្បាប់នោះទេ! សកម្មភាពបំពានច្បាប់ណាមួយ ក៏ពុំមែនជាសិទ្ធិសេរីភាពរបស់បងប្អូននោះឡើយ! សូមបងប្អូនកុំលលេងនឹងសំណាញ់ច្បាប់ ព្រោះសំណាញ់នេះពិបាកនឹងស្រាយណាស់! ក្រុមដែលចងមិនប្រាកដថានឹងចេញមុខស្រាយទេ»

កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានដល់ក្រុមបាតុករនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្តុំធ្វើបាតុកម្ម ហើយត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល រហូតដល់ធានាបានថាលែងមានការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងចំណោមបាតុករ និងក្រុមគ្រួសារ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងករណីដែលបាតុករនៅតែចចេសរឹងរូស បន្តប្រមូលផ្ដុំ ដែលជាហេតុបង្កឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុ ដែលមិនព្រមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយក្នុងនោះមានការផាកពិន័យ និងទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ។

យ៉ាងណាក៏ដោយ ក្រោយមានការព្រមានពីរដ្ឋបាលរាជធានីភ្នំពេញ មានអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍២នាក់ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការរារាំង ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែលមានមនុស្ស ៤នាក់បន្ថែមទៀត ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ ក្នុងចំណោមក្រុមបាតុកររបស់អតីតបុគ្គលក្រុមហ៊ុនណាហ្គាវើលដ៍ ដែលប្រមូលផ្ដុំគ្នាដោយខុសច្បាប់៕