(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីវិធានការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជំងឺអេដស៍ និងការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ជូនដល់ប្រជាពលរដ្ឋនៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដើម្បីបន្តរួមគ្នាការពារសុខភាពសាធារណៈក្នុងសហគមន៍ពីបញ្ហាចម្បងៗទាំងនេះ។

លោក ឯក ឃុនដឿន បានណែនាំសារជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយការចម្លងជំងឺកូវីដ១៩ ទៅកាន់គ្រួសារ និងអ្នកដទៃ ដោយចាំបាច់ទាមទារឱ្យមានការចូលរួមរក្សាអនាម័យ តាមរយៈការបន្តអនុវត្តវិធានការ «៣កុំនិង៣ការពារ»

លោកអភិបាលខណ្ឌបានបន្តជំរុញដល់ប្រជាពលរដ្ឋក្នុងសង្កាត់ទួលសង្កែ១ និងខណ្ឌឫស្សីកែវទាំងមូលត្រូវទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីឈានទៅដល់ការកាត់ផ្ដាច់ការចម្លងជំងឺចូលក្នុងសហគមន៍ ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយព្រហ្មវិហារធម៌ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្ត ឯក ឃុនដឿន បានប្រគល់នូវសម្ភារបង្ការមេរោគមួយចំនួន មានដូចជាជែលលាងដៃ ម៉ាស អាល់កុល ព្រមទាំងថ្នាំបង្កាជំងឺកូវីដ ជូនដល់ប្រជាពលរដ្ឋនាឱកាសនោះផងដែរ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងលោកស្រី ពេជ្រ ចន្ទមុន្នី៕