លោក អាត់ ខែម ដឹកនាំកម្លាំងដឹកទឹកជិត២០មឺុនលីត្រ ចែកចាយជូនប្រជាពលរដ្ឋ នៅស្រុកស្វាយចេក
28-04-2016 20:57
(បន្ទាយមានជ័យ)៖ លោក អាត់ ខែម សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកជញ្ជូនទឹកចែកចាយជូនប្រជាពលរដ្ឋ ចំនួន២ឃុំរបស់ស្រុកស្វាយចេក ជាង១,៧មឺុនលីត្រ។
លោក អាត់ ខែម បានថ្លែងថា នៅថ្ងៃនេះ យើងបានប្រើឡានទឹក ចំនួន១១គ្រឿង បានដឹកជញ្ជូនទឹកយកទៅចែកចាយជូន ប្រជាពលរដ្ឋជាច្រើនគ្រួសារស្ថិតនៅឃុំចំនួន២ ស្រុកស្វាយចេក ដែលកំពុងខ្វះខាតប្រើប្រាស់ប្រចាំថ្ងៃ ក្រោយពីទឹកនៅក្នុងអណ្តូង ស្រះ បឹង បួរ ត្រូវរីងស្ងួតជាបណ្តើរៗទៅហើយនោះ។
បើតាមលោក អាត់ ខែម សម្រាប់យុទ្ធនាការដឹកទឹក យកទៅចែកជូនប្រជាពលរដ្ឋខាងលើនេះ នឹងធ្វើឡើងនៅតាមតំបន់ផ្សេងទៀត តបតាមការណែនាំពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន។