(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់អ្នកជាប់ពន្ធ ដែលជួយបញ្ហាត្រូវមន្ដ្រីពន្ធដារសំឡុតគំរាម សូមរាយការណ៍មកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីឲ្យពន្ធដារចាត់វិធានការលើបុគ្គលនោះ។

លោក គង់ វិបុល បានឲ្យដឹងថា នាពេលថ្មីៗនេះ មានការលើកឡើងថា មានករណីសំឡុតគំរាមពីមន្រ្តីពន្ធដារ ទៅលើអ្នកជាប់ពន្ធ ដូច្នេះសូមលើកឡើងផ្ទាល់ មកកាន់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈមធ្យោបាយនានា ដូចជា លិខិត GDT Live Chat ឬកម្មវិធីពន្ធដារកម្ពុជា។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវឲ្យគ្រប់អ្នកជាប់ពន្ធ សូមលើកឡើងមកដោយផ្ទាល់កុំឲ្យក្នុងលក្ខណៈជាលិខិតអនាមិកមិនដឹងថាមូលហេតុ ពិត ឬមិនពិត បើសិនជាការលើកឡើងពីមន្ត្រីទារលុយគេ សូមលើកឡើងឲ្យចំឈ្មោះ ហើយត្រង់ៗកុំខ្លាច ហើយត្រូវហ៊ានក្លាហាន យើងខ្ញុំធានាថានឹងដោះស្រាយជូន»

បើតាមអគ្គនាយកពន្ធដារ លោកតែងតែបានលឺនូវការលើកឡើងការរអ៊ូរទាំ ក៏ដូចជាការប្ដឹងតវ៉ា អំពីអតិថិជន និងអ្នកជាប់ពន្ធថា មានមន្ដ្រីពន្ធដារ មានការសំឡុតទារប្រាក់ ឬធ្វើទុកបុកម្នេញជាដើម។ គោលការណ៍របស់ថ្នាក់ដឹកនាំ ទាំងរដ្ឋាភិបាល ទាំងក្រសួង គឺលុបបំបាត់នូវអំពើអសកម្មទាំងអស់ ដូច្នេះហើយក្នុងនាមអគ្គនាយកដ្ឋានពន្ធដារ លោកតែងតែយកចិត្តទុកដាក់នឹងការលើកឡើងភាពអសកម្មទាំងនេះ។

លោកថា មន្ត្រីពន្ធដារទាំងអស់ មិនបរិសុទ្ធ១០០ភាគរយទេ មានការខ្វះខាត ហើយមានមន្ត្រីខ្លះក៏ជើងល្អដែរ លោកទទួលស្គាល់ ប៉ុន្តែពន្ធដារមិនអាចក្ដាប់បានទាំងអស់នោះទេ ដូច្នេះហើយត្រូវការ នូវការចូលរួមអភិបាលកិច្ចល្អទាំងអស់គ្នា ដើម្បីចូលរួមការពង្រឹងទាំងអស់គ្នា។

លើសពីនោះទៀត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រាប់ដល់មន្រ្តីពន្ធដារទាំងអស់ ត្រូវរៀបចំឥរិយាបថជាអ្នកបម្រើសេវាជូនអ្នកជាប់ពន្ធ ចៀសវាងការតាំងខ្លួន ជាចៅហ្វាយនាយរបស់អ្នកជាប់ពន្ធ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី គង់ វិបុល បានលើកឡើងពីបទពិសោធន៍នៃការកែទម្រង់ក្នុងវិស័យពន្ធដារផងដែរ មានការទម្រង់ទើបពន្ធដារប្រមូលចំណូលកើនឡើង។

លោក គង់ វិបុល បានថ្លែងថា «សត្រូវនៃការទម្រង់ គឺអ្នកមិនចង់កែទម្រង់ មិនមែនការកែទម្រង់ងាយស្រួលនោះទេ មន្រ្ដីខ្លះធ្លាប់បានធ្វើរឿងមិនល្អកន្លងមក និងមិនសប្បាយចិត្តចំពោះការកែទម្រង់ឡើយ។ ជាក់ស្ដែងគ្រាន់តែខ្ញុំកែទម្រង់ លិខិតប្រកាសអនឡាញ ដើម្បីពង្រឹងអភិបាលកិច្ចល្អ ក៏ដូចជាប្រសិទ្ធិភាពនៃការគ្រប់គ្រងជាមួយពន្ធដារ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីឲ្យអ្នកជាប់ពន្ធងាយស្រួលមកបង់ពន្ធ ដោយមិនបង្កហានីភ័យក្នុងការចម្លងជំងឺកូវីដ១៩ ព្រមទាំងមិនឲ្យអ្នកជាប់ពន្ធទាំងអស់មានលេសថា បណ្ដាលមកពីជំងឺកូវីដ១៩ ទើបមិនបានបង់ពន្ធ ការដាក់ចេញទម្រង់នេះក៏មានមន្រ្ដីមន្រ្ដីមួយចំនួនតូច មិនសប្បាយចិត្តចំពោះរឿងកែទម្រង់នោះឡើយ»

លោកបានបន្ថែមថា ការកែទម្រង់មិនមែនងាយស្រួលនោះទេ ពិសេសការកែទម្រង់ជាមួយធនធានមនុស្ស ដោយសារតែមនុស្សពិបាកកែណាស់៕