(កណ្ដាល)៖ យុវជននៅក្រុងតាខ្មៅមកពី៥សង្កាត់ រួមមាន សង្កាត់រកាខ្ពស់ សង្កាត់សិត្បូ សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ខ១៨ និងខ២៦ សរុប១១៨៨នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងតាខ្មៅ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល។

លោក ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងតាខ្មៅ បានថ្លែងថា យុវជនយុវតីទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺពិតជាមានសំណាង ហើយគិតសម្រេចបានយ៉ាងត្រឹមត្រូវ ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីបេះដូងដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងនោះគឺយុវជន-យុវតីទាំងអស់ត្រូវតាំងចិត្តស្នេហាជាតិ ត្រូវស្នេហាសង្គមជាតិ ស្នេហាប្រជាជន និងស្នេហាបក្ស ដើម្បីឱ្យស័ក្តិសមជាសសរទ្រូងប្រទេសជាតិដែលមានសមត្ថភាព និងមានសក្ដានុពលយ៉ាងពិតប្រាកដ។

ជាមួយគ្នានេះដែរ លោកប្រធានគណបក្សបានថ្លែងអំពីគុណបំណាច់យ៉ាងធំធេងរបស់គណបក្សប្រជាជនកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំកសាងប្រទេសជាតិពីផេះផង់ឱ្យមានការរីកចម្រើន មានការអភិវឌ្ឍ មានសេដ្ឋកិច្ចលូតលាស់ ពិសេសសមាជិកបក្សជំនាន់ក្រោយមានឱកាសក្នុងការចូលរួមក្នុងការសិក្សាស្វែងយល់ស្រាវជ្រាវជាមួយនឹងបច្ចេកវិជ្ជាថ្មីៗ ដែលទាំងអស់នេះអាចលេចចេញរូបរាងបាន គឺដោយសារការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា «អរគុណសន្តិភាព»។

មិនតែប៉ុណ្ណោះ លោក ម៉ៅ ភិរុណ ក៏បានផ្ដាំផ្ញើដល់សមាជិកបក្សថ្មីទាំងអស់ឲ្យខិតខំកសាងសមត្ថភាពឡើង ខំរៀនឡើងឡើង ខំធ្វើខ្លួនឱ្យក្លាយទៅជាយុវជនគំរូ មិនសេពគ្រឿងញៀន មិនជក់បារី មិនពាលាអាវាសែ មិនលេងហ្គេមហួសកម្រិត មិនប្រព្រឹត្តទង្វើអបាយមុខផ្សេងៗ ជៀសវាងនូវមិត្តដែលមិនល្អ ចៀសវាងនូវទង្វើទុច្ចរិតទាំងឡាយ ដោយខិតខំរៀនសូត្រធ្វើយ៉ាងណាឲ្យខ្លួនឯងក្លាយជាមនុស្សដែលមានសមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ ស័ក្តិសមជាយុវជនបក្សប្រជាជនកម្ពុជា ស័ក្តិសមជាអ្នកដឹកនាំបន្តវេនជំនាន់ទៅមុខតទៅទៀត៕