(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការគាំទ្រ និងសប្បាយចិត្តចំពោះ រដ្ឋាភិបាលទីម័រលែស្ត (Timor-Lests) ដែលបានតែងតាំង លោក Felicidade de Sousa Guterres ជាឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រលែស្តប្រចាំនៅកម្ពុជា។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា កម្ពុជានឹងរៀបចំ បេក្ខភាព អគ្គរាជទូតជាស្រ្តី ដើម្បីទៅបម្រើ​ការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រលែស្តដែរ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈដែល ជួបភាក្សាជាមួយ លោកស្រី Felicidade de Sousa Guterres ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រលែស្ត (Timor-Lests) នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ។

លោកស្រី Felicidade de Sousa Guterres បាននាំនូវការសួរសុខទុក្ខ ពីលោកប្រធានាធិបតី និងនាយករដ្ឋមន្ត្រី Timor-Lests ជូនសម្តេចតេជោ ហើយក៏បានថ្លែងនូវ​អំណរគុណចំពោះ​សម្តេចតេ​ជោ ដែលបានគាំទ្រសម្របសម្រួលគ្រប់យ៉ាងឲ្យប្រទេស Timor-Lests បានបើកស្ថានទូតលើកដំបូងនៅកម្ពុជា។

លោកស្រីបានប្តេជ្ញា​ចិត្តខិត​ខំពង្រឹងទំនាក់ទំនងមិត្តភាពល្អរវាងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួនដូចជា វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើម។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតី និងនាយករដ្ឋមន្ត្រី Timor-Lests។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានផ្តាំផ្ញើសួរសុខទុក្ខទៅលោកប្រធានាធិបតី និងនាយករដ្ឋមន្ត្រី Timor-Lests វិញផងដែរ។

គួរបញ្ជាក់ថា ប្រទេស ទីម័រលែស្តTimor-Lests មានប្រជាពលរដ្ឋជាង១លាននាក់ ដែលមានចំណូលអំពីប្រេង។ ប្រទេសនេះក៏មានបំណងចង់ចូលជាសមាជិកអាស៊ាន ផងដែរ៕

https://www.facebook.com/hunsencambodia/photos/pcb.1004411459607351/1004411146274049/?type=3