(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស៤នាក់បន្ថែមទៀត ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ ក្នុងចំណោមក្រុមបាតុកររបស់អតីតបុគ្គលក្រុមហ៊ុនណាហ្គាវើលដ៍ ដែលប្រមូលផ្ដុំគ្នាដោយខុសច្បាប់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលចេញនៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់លទ្ធផលបានបញ្ជាក់ជាផ្លូវការនៅមន្ទីរពិសោធន៍។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ចំនួន២៦៣នាក់។ ជាលទ្ធផលគិតត្រឹមម៉ោង០៦៖៥០នាទី នៅល្ងាចថ្ងៃដដែលនេះ
មានចំនួន០៤នាក់ ត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន ដោយពុំទាន់យកសំណាកអស់គ្រប់គ្នាទេ។

មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឲ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។ បន្ទាប់ពីការធ្វើចត្តាឡីស័កចប់ ត្រូវយកសំណាកនៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផលមកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត។

ទន្ទឹមនឹងនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ស្នើអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយក្រុមបាតុករព្រមទាំងបងប្អូនបាតុករ ដែលមិនទាន់បានយកសំណាកវិភាគមេរោគកូវីដ-១៩ ត្រូវទៅធ្វើតេស្តរកមេរោគតាមកន្លែងកំណត់នៅរាជធានីភ្នំពេញ។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ បាតុករម្នាក់ដែលជាស្ដ្រីមានផ្ទៃពោះ ត្រូវបានគេរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ហើយក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងជាបន្ដបន្ទាប់ ដើម្បីឲ្យក្រុមបាតុករទាំងអស់ដែលមានការពាក់ព័ន្ធ ត្រូវទៅយកសំណាកដែលរៀបចំដោយមន្ដ្រីជំនាញ។ ប៉ុន្ដែដើម្បីបង្កលក្ខណៈងាយស្រួលក្រុមគ្រូពេទ្យ បានរៀបចំទីតាំងយកសំណាកនៅកន្លែងដែលមានការប្រមូលផ្ដុំនេះតែម្ដង។

បើទោះបីមានការគិតគូរពីមន្ដ្រីជំនាញ និងអាជ្ញាធរយ៉ាងក៏ដោយនោះ ក៏ក្រុមបាតុករដែលមានអង្គការចាត់តាំងនេះ មិនព្រមសហការជាមួយនោះឡើយ បន្ថែមទៀតនេះក៏បានប្រើប្រាស់នូវពាក្យសម្ដីប្រមាថមើលងាយមកលើក្រុមគ្រូពេទ្យប្រឆាំងកូវីដ១៩ រហូតប្រើប្រាស់ពាក្យសម្ដីថា ក្រុមគ្រូពេទ្យដាក់ថ្នាំនៅលើសំណាក ដើម្បីឲ្យលទ្ធផលចេញមកវិជ្ជមានជំងឺកូវីដ១៩ជាដើម។

យ៉ាងណាមិញ ពាក់ព័ន្ធការយកសំណាកលើក្រុមបាតុករនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមគ្រូពេទ្យបានយកសំណាកលើមនុស្សតែប្រមាណជាង២០០នាក់ប៉ុណ្ណោះ ខណៈពេលកន្លងទៅ មេដឹកនាំក្រុមបាតុករនេះ បានផ្ដល់បទសម្ភាសជូនវិទ្យុមួយដោយអះអាងថា ក្រុមបាតុករមានរហូតដល់ទៅជាង៧០០នាក់ ដូច្នេះមានន័យថា នៅមនុស្សជាងពាក់កណ្ដាលទៀត ដែលបន្ដគេចវេសមិនអនុវត្តតាមការណែនាំ និងល្មើសវិធានសុខាភិបា។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធករណីនេះ អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការរារាំង ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួននោះ ទី១ឈ្មោះ ជួប ចាន់ណាត ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី២ ឈ្មោះ សេង វណ្ណារិទ្ធ ភេទប្រុស ស្នាក់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ត្រូវបាលកម្លាំងនគរបាលឃាត់ខ្លួន នៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោក សាន សុខសីហា បានបញ្ជាក់ថា ការឃាត់ខ្លូនពួកគេទាំង២នាក់នេះ យោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងរារាំងដល់ការ អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ យោងតាមមេត្រា១១ នៃច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបាននាំខ្លួន និងបើកការសួរនាំនៅការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់៕