(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានចូលរួមគោរពវិញ្ញាណក្ខន្តសព លោក ទៀន ករុណា ដែលបានបាត់បង់ជីវិត ក្នុងបេសកកម្មបង្រ្កាបគ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីម្សិលមិញ។
នៅលើបណ្តាញសង្គម Facebook លោក ផៃ ស៊ីផាន លើកឡើងយ៉ាងដូច្នោះថា «គោរពជូនវីរសព និងគ្រួសារនៃសព ទោះបីជាអ្នក បានពលីជីវិត នៅក្នុងសមរភូមិ នៃបេសកកម្មបំរើ និងការពារសង្គម យ៉ាង ណាក៏ដោយ ក៏មិនមានន័យថា អ្នកម្នាក់ឯងគត់ ដែលត្រូវបានបោះបង់ចោល នៅក្នុងទីលានប្រយុទ្ធនោះទេ គ្រួសារអ្នក និងកូនរបស់អ្នក ត្រូវបានទទួល នូវការគាំទ្រឧបត្ថម្ភ ពីយើងទាំងអស់គ្នា។ ទោះបីរូបអ្នក ឃ្លាតឆ្ងាយពីយើងទាំងអស់គ្នា កាតព្វកិច្ចដ៏មានគុណបំណាច់ ជាមួយនិងកិត្តិយស របស់អ្នកត្រូវបានយើងទាំងអស់គ្នា គោរព និងរឹតតែ លើកទឹកចិត្តដល់យើងទាំងអស់គ្នា នៅក្នុងកិច្ចបំពេញបន្ត ដើម្បីសង្គមរបស់យើង ដូចដែលអ្នកបានប្តេជ្ញា និងពលីរួចមកហើយនេះ។ យើងទាំងអស់គ្នាជឿជាក់ថា អ្នកចាក ចោលយើង ដែលយើងមិនអាចឃើញអ្នកតទៅទៀតបាននោះទេ ក៏ប៉ុន្តែអ្នកប្រាកដជានិតនៅជាមួយព្រះ ដែលជាទីគោរពរបស់យើង ក្នុងសុគតិភព។ ដោយក្តីគោរពពីខ្ញុំ»។
គួរបញ្ជាក់ថា លោកអនុសេនីយ៍ឯក ទៀន ករុណា បានទទួលមរណភាព ដោយសារការបាញ់រះសំណាក់ក្រុមជួញដូរគ្រឿងញៀន ក្នុងពេលចុះប្រតិបត្តិការ បង្រ្កាប ការដូរគ្រឿង ញៀនដ៏ធំ និងកក្រើកនៅរាជធានីភ្នំពេញ នាសង្កាត់បឹងកក់១ ខណ្ឌទួលគោក នាល្ងាចថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៦ ម្សិលមិញនេះ៕