(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្អង់ខ្ពស់ នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានពីទីក្រុងប៉េកាំង ប្រទេសចិន ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីព្រះអង្គបានយាងចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារួចរាល់ កាលពីយប់ថ្ងៃទី០៤ ខែកុម្ភៈ។

អញ្ជើញទៅទទួលបដិសណ្ឋាកិច្ចព្រះរាជដំណើរយាងត្រឡប់របស់ព្រះមហាក្សត្រខ្មែរ នៅព្រលានយន្តហោះអន្តរជាតិរួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian ព្រមទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាច្រើននាក់ផ្សេងទៀត។

តបតាមការយាងរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន, ព្រះមហាក្សត្រខ្មែរ បានយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ដើម្បីយាងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានាទីក្រុងប៉េកាំង ដែលត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក នាយប់ថ្ងៃទី០៤ ខែកុម្ភៈ។

ចិន បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានអត្តពលិកចូលរួមប្រកួតជិត ៣,០០០នាក់ មកពី ៩១ប្រទេស ដោយប្រកួតប្រជែងលើ វិញ្ញាសា ចំនួន១៥ និងមានកម្មវិធីប្រកួតចំនួន១០៩កម្មវិធី លើប្រភេទកីឡាចំនួន ៧ប្រភេទ។

ពិធីបើកព្រឹត្តិការណ៍នេះ ធ្វើឡើង ក្រោមអធិបតីភាពប្រធានាធិបតីចិនលោក Xi Jinping ដោយមានការចូលរួមពីសំណាក់មេដឹកនាំលើពិភពលោកជាង ២០រូបទៀត។ ក្នុងនោះមានរួមមានវត្តមាន លោក Vladimir Putin ប្រធានាធិបតីរុស្ស៉ីផងដែរ។

ការរៀបចំកម្មវិធីដ៏មហាមានន័យ ជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ ក្នុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងវិបត្តិនៃការរីករាតត្បាតជាសកលជំងឺ Covid-19។ ប្រទេសចិន កំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយទៀត ក្នុងការធានាទាំងសុវត្ថិភាពសន្តិសុខ ទាំងសុវត្ថិភាពសុខាភិបាលសាធារណៈ សម្រាប់គណៈប្រតិភូកីឡា និងសម្រាប់វេទិកាកីឡាអន្តរជាតិនេះ។

ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដែលរៀបចំឡើងក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩ នឹងក្លាយជាការប្រកួតដ៏ឱឡារិក និងជារឿងមង្គលជាសកលដ៏កម្រមាន ប្រជាជនទូទាំងពិភពលោករំពឹងទុកយ៉ាងស្មោះស្ម័គ្រចំពោះការបើកធ្វើនៃការប្រកួតកីឡាអូឡាំពិកលើកនេះ។ បណ្តាទីក្រុងនៅប្រទេសចិន បាននាំគ្នាដាក់ចេញចំណាត់ការតឹងរ៉ឹង ដើម្បីគ្រប់គ្រងការឆ្លងរាលដាលថ្មីៗនៃ COVID-19។

ព្រះមហាក្សត្រខ្មែរ បានចាត់ទុកការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារបស់ចិន ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅអនាគត» បង្ហាញពីបំណងប្រាថ្នារបស់សហគមន៍វាសនារួមនៃមនុស្សជាតិ និងការយកឈ្នះលើបញ្ហាប្រឈមជាសកល។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលគូសបញ្ជាក់ថា «រួមគ្នាឆ្ពោះទៅអនាគត បានឆ្លុះបញ្ចាំងពីការរួបរួមសាមគ្គីគ្នា និងខិតខំរួមគ្នា និងបង្ហាញពីគុណតម្លៃស្នូលនិងចក្ខុវិស័យ នៃកីឡាអូឡាំពិក ព្រមទាំងការស្វែងរកគោលដៅរួបរួម សន្តិភាព និងភាពរីកចម្រើននៃពិភពលោក។ ទន្ទឹមនឹងនេះ ពាក្យស្លោកប្រធានបទនេះ ក៏បានឆ្លុះបញ្ចាំងពីគុណតម្លៃសំខាន់ៗនៃកីឡាប៉ារ៉ាឡាំពិករដូវរងា ជាពិសេសការដើរតួនាទីសំខាន់នៃកីឡាអូឡាំពិកក្នុងការលើកកម្ពស់ការយោគយល់គ្នានៅក្នុងសង្គម»៕