(ព្រះវិហារ)៖ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ បានថ្លែងលើកឡើងថា បើគ្មានសុខសន្តិភាព គ្មានស្ថាបនិក សន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ទេ ប្រទេសជាតិក៏មិនមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះទេ ដូច្នេះប្រជាជនទាំងអស់គ្នាត្រូវអរគុណសន្តិភាព អរគុណស្ថាបនិកសន្តិភាព អរគុណសម្តេចតេជោ ហ៊ុន សែន។

ការថ្លែងរបស់លោក មាស សុភា បែបនេះធ្វើឡើងក្នុងឱកាសដែលលោកចូលរួមក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក ឡុង សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក ចាន់ នន់វិទ្យា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី ប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី និងថ្នាក់ដឹកនាំគណបក្សខេត្ត ស្រុក ឃុំជាច្រើនរូបទៀត។

លោក មាស សុភា បានថ្លែងលើកឡើងទៀតថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានគិតគូរជានិច្ចពីសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសក្នុងស្ថានភាព នៃការបិទខ្ទប់ប្រទេសដោយជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពការរស់នៅ បានឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ផ្តល់ទាំងស្បៀងអាហារ ថែទាំសុខភាពអ្នកដែលបានឆ្លងជម្ងឺកូវីដ១៩ ក្នុងសហគមន៍។

ជាមួយគ្នានោះ សម្តេចតេជោ ក៏បានជំរុញដល់មន្រ្តីសុខាភិបាល និងកងទ័ព បង្កើនល្បឿនក្នុងការយកវ៉ាក់សាំងការពារកូវីដ១៩ ទៅចាក់ជូនប្រជាពលរដ្ធដល់ក្នុងមូលដ្ឋានដោយឥតគិតថ្លៃ រួមទាំងជនបរទេសផងដែរឱ្យតែនៅក្នុង ប្រទេសកម្ពុជាតាំងពីដូសទី១រហូតដូសទី៤ ស្របតាមការវិវិត្តនៃកូវីដ១៩។

លោក មាស សុភា បានថ្លែងគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស មានផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ពិសេសស្ពានឆ្លងកាត់ទន្លេជាសមិទ្ធផលថ្មីបានរីកដុះដាលជាបន្តបន្ទាប់។

លោកក៏បានផ្តាំផ្ញើដល់បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំទូទាំងស្រុកសង្គមថ្មីទាំងអស់ ត្រូវខិតខំប្រែងប្រែងបន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជំរុញការបង្ក្រាបទប់ស្កាត់គ្រឿងញៀន ល្បែងស៉ីសងគ្រប់ប្រភេទ ដើម្បីទទួលបានការទុកចិត្តពីសំណាក់ប្រជាជន ធ្វើយ៉ាងណាដណ្តើមភាពឈ្នះនាពេលខាងមុខ និងបានអំពាវនាវឱ្យប្រជាពលរដ្ធទាំងអស់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំនិងអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនមកដល់ពេលបច្ចុប្បន្ន។

លោកក៏បានថ្លែងអំពាវនាវ និងណែនាំបន្ថែមដល់ប្រជាពលរដ្ឋត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ពីជំងឺកូវីដ-១៩៕