(ប៉ៃលិន)៖ លោក អ៉ី ឈាន និងលោកស្រី បាន ស្រីមុំ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមនឹងក្រុមការងារ និងមានការចូលរួមពី ស្នងការនគរបាល ខេត្តប៉ៃលិន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ បានបន្តចែកទឹកសុទ្ធ សម្រាប់ទទួលទាន និងទឹកស្អាតសម្រាប់ប្រើប្រាស់ ជូនដល់ប្រជាពលរដ្ឋរស់នៅជនបទដាច់ស្រយ៉ាល ឆ្ងាយពីប្រភពទឹកចំនួន ២៨៧គ្រួសារ មកពី៣ភូមិក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានប្រើមធ្យោបាយឡានដឹកទឹកសុទ្ធ សម្រាប់បរិភោគចំនួន ២៤,០០០លីត្រ និងទឹកស្អាតសម្រាប់ប្រើប្រាស់ចំនួន ៨៥,០០០លីត្រ ។
លោក អ៉ី ឈាន បានថ្លែងឲ្យដឹងថា ដោយសាររដូវប្រាំងឆ្នាំនេះអូសបន្លាយមានរយៈពេលយូរ ធ្វើឲ្យប្រភពទឹកធំៗ ដូចជា ស្ទឹង បឹង និងអូរ បានរីងស្ងួតជាបណ្តើរៗ ជាកត្តាធ្វើឲ្យខ្វះទឹកប្រើប្រាស់ ដូចនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់ទឹកត្រូវមានការសន្ចំសំចៃ ដើម្បីធានាបានការប្រើប្រាស់បានយូរ ហើយការរស់នៅត្រូវរក្សាអនាម័យ ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាពេលថ្មីៗនេះ គឺនៅក្នុងរដូវក្តៅនេះមានជំងឺថ្មីបានបង្កឡើង ដែលអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពបងប្អូន ពិសេសកុមារតូចៗ ដូចនេះទាមទារឲ្យបងប្អូនទាំងអស់រស់នៅត្រូវមានអនាម័យ ដើម្បីគេចផុតពីជម្ងឺដង្កាត់ផ្សេងៗ ។ ហើយការចែកទឹកជូនបងប្អូននៅពេលនេះ គឺសម្រាប់ទុកឲ្យបងប្អូនមានទឹកបម្រុង សម្រាប់ប្រើប្រាស់បន្តបានមួយរយៈពេលទៅមុខ ដោយសារ បញ្ហាកង្វះខាតទឹកក្នុងខេត្ត គឺគ្រប់តំបន់មិនទាន់ទទួលរងគ្រោះធ្ងន់ធ្ងរនៅឡើយទេ ព្រោះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានជីកស្រះទឹក និងអណ្តូងស្នប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់តាំងឆ្នាំ២០១៥មកម្លេះ ។
លោកបានថ្លែអំណរគុណ ដល់ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ក្រុមហ៊ុនផលិតទឹកស្អាត ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងយុវជនស្ម័គ្រទាំងអស់ ដែលបានចូលរួមផ្តល់ទឹកជូនដល់បងប្អូនប្រជាពលរដ្ឋ នាពេលនេះ ។
ក្នុងឱកាសនោះ លោកនិងលោកស្រី បានផ្តល់ជូនប្រជាពលរដ្ឋទាំង ២៨៧គ្រួសារ ដោយមួយគ្រួសារៗទទួលបាន ប៊ីដុងដាក់ទឹកចំណុះ៣០លីត្រ ម្នាក់១ និងទឹកសុទ្ធ ១យួរ ចំពោះកុមារតូចទទួលបាន សម្លៀកបំពាក់ម្នាក់ៗ ១កំប្លេរ នំមួយកញ្ចប់ និងថវិកា ៣០០០រៀល៕