(ភ្នំពេញ)៖ ក្រុមនិស្សិតក្រីក្រដែលទទួលបានអាហារូបករណ៍ពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រមាណ១៧០នាក់ បានរៀបចំដំណើរកម្សាន្តដើរដោយថ្មើជើងកាត់ព្រៃជុំវិញភ្នំតាម៉ៅចម្ងាយ១៧គីឡូម៉ែត្រ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងនិស្សិត និងនិស្សិតឱ្យបានស្គាល់គ្នា សាមគ្គីគ្នា ក៏ដូចជាបង្ហាញនូវគោលដៅរួម នៃសមាគមនិស្សិតអាហារូបករណ៍សម្តេចតេជោ។
សកម្មភាពនេះដឹកនាំដោយលោក ម៉ី វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុមទី៦) តំណាងលោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
លោក ម៉ី វ៉ាន់ បានថ្លែងឲ្យដឹងថា ការរៀបចំកម្មវិធីនេះ គឺមានគោលបំណង ដើម្បីឲ្យមានការជួបជុំនិស្សិតដែលទទួលបានអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹត្ធបណ្ឌិត ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងនិស្សិត និងនិស្សិតឱ្យបានស្គាល់គ្នា សាមគ្គីគ្នា ក៏ដូចជាបង្ហាញនូវគោលដៅរួម នៃសមាគមនិស្សិតអាហារូបករណ៍សម្តេចតេជោ ដើម្បីការអភិវឌ្ឍរួមគ្នានៃមហាវិទ្យាល័យទាំងអស់នៅកម្ពុជា ដែលកម្មវិធីនេះជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនទៀត ដែលនិស្សិតត្រូវរៀបចំដើម្បីជួបជុំគ្នាក្នុងគោលដៅពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជួយជ្រោមជ្រែងគ្នាក្នុងការលំបាកនៅក្នុងដំណើរការសិក្សា ទាំងសម្ភារៈ ទាំងស្មារតី ដែលសមាគមផ្តល់ឱ្យ។
កម្មវិធីនេះមានការចូលរួមពីនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាកលវិទ្យាល័យបញ្ញាជាតិ ដែលសុទ្ធតែជានិស្សិតទទួលបានអាហាររូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានជួបជុំគ្នាញ៉ាំអាហារពេលព្រឹកនៅសាកលវិទ្យាល័យ ហើយក៏បានធ្វើដំណើរតាមរថយន្តមកភ្នំតាម៉ៅ។
ក្រោយពីទទួលទានអាហារពេលព្រឹករួចហើយ ក្រុមនិស្សិតបានធ្វើដំណើរតាមរថយន្តក្រុងឆ្ពោះទៅកាន់ភ្នំតាម៉ៅ។ ក្រុមនិស្សិតចាប់ដើរដោយថ្មើជើងកាត់ព្រៃចេញពីវត្តភ្នំតាម៉ៅចម្ងាយ១៧គីឡូម៉ែត្រ ឆ្ពោះទៅសាលាបាល់ទាត់បាទី ខេត្តតាកែវ ដើម្បីធ្វើកម្មវិធីប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនៅម៉ោង៤៖៣០នាទីផងដែរ។ បន្ទាប់ពីបញ្ចប់ការប្រកួត នៅពេលល្ងាចមានការញ៉ាំអាហារសាមគ្គី និងមានកម្មវិធីរាំលេងកម្សាន្តផងដែរ៕