(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ថ្នាក់រាជធានីភ្នំពេញដែលប្រចាំនៅតំបន់កោះពេជ្រ បានសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបំពានមកលើតួនាទី ក្រមសីលធម៌និងវិជ្ជាជីវៈរបស់គ្រូពេទ្យ និងការមិនទុកចិត្តចំពោះបំពេញការងារយកសំណាករបស់ក្រុមគ្រូពេទ្យ ពីសំណាក់ក្រុមបាតុករដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។

ការចេញមកប្រតិកម្មបែបនេះ ដោយសារក្រុមបាតុករស្នេីអោយបាតុករគ្នាឯងឈរតាមដានលេីការធ្វេីសំណាករបស់ក្រុមគ្រូពេទ្យព្រមទាំងកំណត់អោយឱ្យក្រុមគ្រូពេទ្យយកសំណាកដោយប្រេីប្រាស់ឧបករណ៏តេស្តរហ័សដោយមិនអោយធ្វេីតេស្តម៉ាសុីនធំPCRក្នុងការធ្វេីតេស្តរកមេរោគកូវីដ១៩ ដែលផ្ទុយពីគោលការណ៏ណែនាំរបស់ក្រសួងសុខាភិបាលថែមបង្ហាញនូវការមិនទុកចិត្តមកលេីក្រមសីលធម៌និងវិជ្ជាជីវៈរបស់គ្រូពេទ្យ និងមិនទុកចិត្តចំពោះការងារដែលក្រុមគ្រូពេទ្យខិតខំការពារថែរក្សាសុខភាពសាធារណៈពីការរីករាលដាលជំងឺកូវីដ១៩កន្លងមក។

ចំពោះការតម្រូវឱ្យក្រុមបាតុករយកសំណាកធ្វើតេស្តនេះដែរ គឺបន្ទាប់ពីសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញនូវករណ៍វិជ្ជមានកូវីដ-១៩ ប្រភេទអូមុីក្រុងលើបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាបន្តបន្ទាប់ក្នុងរយះពេលប៉ុន្មានថ្ងៃនេះហើយបានណែនាំឱ្យបាតុករទាំងអស់ទៅយកសំណាកនៅទីតាំងដែលបានកំណត់ស្ថិតនៅកោះពេជ្រ ក្នុងរយៈពេល៣ថ្ងៃ។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមបាតុករទាំងនោះមិនព្រមអនុវត្តតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនោះឡើយ ដូច្នេះទើបអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ថ្នាក់រាជធានីភ្នំពេញដែលប្រចាំនៅតំបន់កោះពេជ្រ បានដឹកជញ្ជូនបាតុករប្រមាណជាង២០០នាក់ទៅយកសំណាកនៅទីកន្លែងកំណត់កោះពេជ្រដើម្បីវិភាគរកមេរោគបំប្លែងថ្មីអូមីក្រុងឱ្យបានប្រាកដ ជៀសវាងមានការរីករាលដាលនូវជំងឺកូវី១៩ប្រភេទអូមីក្រុងក្នុងសហគមន៍បន្ថែមទៀត។

ជាការខកចិត្តយ៉ាងពន់ពេក ក្រុមបាតុករទាំងនោះមិនត្រឹមតែមិនព្រមអនុវត្តតាមក្រុមគ្រូពេទ្យប៉ុណ្ណោះទេ ក្រុមបាតុករទាំងនោះបានចោទប្រកាន់លើក្រុមគ្រូពេទ្យថា ពួកគេបារម្ភពេលទៅធ្វើតេស្តសំណាក ខ្លាចគ្រូពេទ្យដាក់ថ្នាំលើសំណាករបស់ពួកគេឱ្យចេញលទ្ធផលវិជ្ជមាន ហើយចោទពួកគេថាមានផ្ទុកមេរោគកូវីដ១៩ ទើបពួកគេមិនព្រមទៅធ្វើតេស្ត PCR ឡើយ ដោយទទួចចង់ធ្វើតេស្ដរហ័សវិញ។

ក្រុមគ្រូពេទ្យបានសម្ដែងការមិនពេញចិត្តចំពោះសកម្មភាព និងទង្វេីរបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍។ ក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានចាត់ទុកកាយវិការនេះជាការរំលោភមកលើក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ ចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។

ក្នុងបរិបទជំងឺកូវីដ១៩នេះ ក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺមានគុណសម្បត្តិយ៉ាងធណធេងក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ១៩ ខិតខំទាំងយប់ទាំងថ្ងៃ គ្មានពេលសម្រាកគ្រប់គ្រាន់ឡើយ ដើម្បីតែការការពារសុខភាពសាធារណៈរបស់ប្រជាជនទាំងឡាយ។ សូម្បីមន្ត្រីអង្គទូត ជនបរទេស នៅពេលមកដល់ព្រលានយន្តហោះកម្ពុជា គឺត្រូវតែស្ដាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅតេស្តរកមេរោគកូវីដ១៩ រួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ក្រុមគ្រូពេទ្យជំងឺកូវីដ១៩ ជាកងទ័ពអាវសដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាជនក្នុងដំណាក់កាលរីករាលដាលនូវជំងឺកូវីដ១៩នេះ ប៉ុន្តែក្រុមបាតុករដែលជាអតីតបុគ្គលិកណាហ្កាវើលដ៍នេះបែរជាមាក់ងាយមើលស្រាល ក៏ដូចជាចោទប្រកាន់មកក្រុមគ្រូពេទ្យទាំងគ្មានមូលដ្ឋានច្បាស់លាស់ទៅវិញ។

គួរជម្រាបថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញនូវករណ៍វិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រង លើបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាស្រ្តីមានផ្ទៃពោះម្នាក់ ហើយបានណែនាំឱ្យបាតុករទាំងអស់ទៅយកសំណាក នៅទីតាំងដែលបានកំណត់ស្ថិតនៅកោះពេជ្រ ក្នុងរយៈពេល៣ថ្ងៃ។ ប៉ុន្តែលោក ជួប ចាន់ណាត តំណាងក្រុមបាតុករបានសំណូមពរឱ្យក្រុមគ្រូពេទ្យមកយកសំណាកនៅទីតាំងប្រមូលផ្តុំធ្វើបាតុកម្មជាក់ស្តែងនៅពេលក្រុមគ្រូពេទ្យមកដល់ ក្រុមបាតុករនៅតែរឹងរូសមានះមិនព្រមសហការឱ្យយកសំណាកទៀត។ លើសពីនេះទៀត កាលពីថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង លើបាតុករជាបន្តបន្ទាប់បន្ថែមទៀត។

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ថ្នាក់រាជធានីភ្នំពេញបានអំពាវនាវបន្ថែមទៀតដល់ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធជាមួយបាតុករ ត្រូវទៅយកសំណាកនៅទីតាំងដែលបានកំណត់ជូនស្ថិតនៅកោះពេជ្របន្តទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ឬប្រភេទផ្សេងទៀត ចូលទៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ តាមរយៈការប្រមូលផ្ដុំធ្វើបាតុកម្មនេះ។ គណៈកម្មការដដែលក៏បានឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្តុំធ្វើបាតុកម្ម ហើយត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល រហូតដល់ធានាបានថាលែងមានការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងចំណោមបាតុករ និងក្រុមគ្រួសារ។

បើតាមការព្រមានរបស់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ថ្នាក់រាជធានីភ្នំពេញ ក្នុងករណីដែលបាតុករនៅតែចចេសរឹងរូសបន្តប្រមូលផ្ដុំ ដែលជាហេតុបង្កឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុដែលមិនព្រមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយក្នុងនោះមានការផាកពិន័យ និងទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ៕