(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថការិយាល័យបទល្មើសគ្រឿងញៀន អ.ហ ខេត្តព្រះសីហនុ ក្រោមបញ្ជាផ្ទាល់ពីមេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបករណីរក្សាទុក និងចែកចាយគ្រឿងញៀន នៅចំណុចផ្សារពាណិជ្ជកម្មថ្មី ក្រុម០១ ភូមិ១ សង្កាត់២ ក្រុងខេត្តព្រះសីហនុ។
លោកវរសេនីយ៍ត្រី ឆេង វុទ្ធី ប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌ បានឲ្យដឹងថា ក្រោយការចាប់ខ្លួនស្រ្តី២នាក់រួចមក កម្លាំងក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានបន្តចុះទៅឆែកឆេរលំនៅដ្ឋានរបស់ពួកគេ នៅបន្ទប់ជួលលេខ០៤ ក្រុម០៩ ភូមិ០២ សង្កាត់០៣ ក្រុងខេត្តព្រះសីហនុ។
លោកបានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោក បានដកហូតថ្នាំញៀនចំនួន០៣កញ្ចប់ធំ ម៉ូតូ២គ្រឿង ទូរស័ព្ទដៃចំនួន៣គ្រឿង ប្រាក់រៀល៣លានរៀល ប្រាក់ដុល្លារ7300$ ខ្សែក៣ខ្សែ ខ្សែដៃ២ខ្សែ និងចិញ្ចៀន១វង់។
ស្រ្តីសង្ស័យទាំង២នាក់រួមមានទី១ឈ្មោះ ស៊ុត ចន្ធូ អាយុ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបន្ទប់ជួលលេខ០៤ ក្រុម០៩ ភូមិ០២ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ និង២-ឈ្មោះ ស៊ុត សុខា អាយុ២៨ឆ្នាំ មុខរបរក្រឡុកស្រាបា បារាំង មានទីលំនៅបន្ទប់ជួលលេខ០៤ ក្រុម១៤ ភូមិ០១ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។
សម្រាប់ជនសង្ស័យទាំង២នាក់ និងវត្ថុតាងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋាន អ.ហ ខេត្តដើម្បី កសាងសំណុំរឿនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តទៀត៕