(ភ្នំពេញ)៖ ក្រុមការងារយុវជនគណបក្ស គ.២៧ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «យុវជនឆ្ពោះទៅកាន់ការបោះឆ្នោត» ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្ស គ.២៧ សរុបចំនួន១៥៩រូប ស្រី១៩រូប ។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដោយមានការអញ្ជើញជាគណៈអធិបតី លោក ស៊ាង ធារិទ្ធ អនុប្រធានក្រុមការងារយុវជនគណបក្ស គ.២៧ និងជាប្រធានលេខាធិការដ្ឋាន តំណាង លោក ឌី វិជ្ជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្ស គ.២៧, លោក នួន ផារ័ត្ន អនុប្រធានផ្នែកបណ្តុះបណ្តាល ហើយក៏មានការចូលរួមជាគ្រូឧទ្ទេសមកពីយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល រួមមាន លោក ជិន ម៉ាលីន សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សក្រសួងយុត្តិធម៌ លោក ស៊ុម សុខុម្ភូ ជាសមាជិកគ្រូឧទ្ទេសផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សថ្នាក់កណ្តាល លោក តេង ច័ន្ទគរុរដ្ឋា ជាសមាជិកគ្រូឧទ្ទេសផ្នែកបណ្តុះបណ្តាល និងជាអនុប្រធានយុវជនគណបក្ស គ.២៧ និងលោក គីម សុធា អនុប្រធានក្រុមស្រាវជ្រាវផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សថ្នាក់កណ្តាល។

វគ្គបណ្ដុះបណ្ដាល «យុវជនឆ្ពោះទៅកាន់ការបោះឆ្នោត» រៀបចំឡើងដោយមានខ្លឹមសារ និងប្រធានបទសំខាន់ៗ ដូចជា៖
* ទី១៖ ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
* ទី២៖ ច្បាប់ ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់
* ទី៣៖ ភ្នាក់ងារគណបក្សសង្កេតការណ៍បោះឆ្នោត

លោក នួន ផារ័ត្ន អនុប្រធានផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងវគ្គបណ្តុះបណ្តាល ដែលបានសហការគ្នាល្អ ក្នុងការរៀបចំ និងចាត់ចែងឱ្យវគ្គនេះដំណើរការបានដោយរលូន និងជោគជ័យស្របតាមផែនការដែលបានកំណត់ លើសពីនេះក៏សូមចូលរួមអបអរសាទរ និងថ្លែងនូវការកោតសរសើរចំពោះសិក្ខាកាម ដែលបានខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ និងគោរពវិន័យបានល្អ រហូតទទួលបានជោគជ័យក្នុងការសិក្សា៕