(កំពង់ឆ្នាំង)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តបេសកកម្មចុះចែកប្រគល់ជែកលាងដៃ ដល់សាខារបស់ខ្លួនជាបន្តបន្ទាប់។

ដោយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រគល់ជែលលាងដៃចំនួន ៧៣០កេស (ស្មើនឹង ១១,៦៨០ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង (សាខាទី២៤) អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង៨ ការិយាល័យប្រតិបត្តិ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក សរុបទាំង៥១ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត តំណាងទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងលោកស្រី ប៊ន សុភី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកបានពាំនាំនូវប្រសាសន៍ការផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកោតសរសើរគណៈកម្មាធិការសាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ បុគ្គលិកសុខាភិបាលនៅតាមស្រុកប្រតិបត្តិ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកទាំងអស់ ក្នុងរយៈពេលជាង២ឆ្នាំកន្លងទៅនេះ ដែលបានខិតខំចូលរួមកម្លាំងជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំពុះពាររួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា «ការចូលរួមកម្លាំងពីប្រតិបត្តិករជួរមុខ កម្លាំងទ័ពអាវស និងកម្លាំងពហុវិស័យទាំងអស់ បានធ្វើឱ្យកម្ពុជាយើងទទួលបានភាពជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតដល់សម្រេចបាននូវការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ រួមជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រ នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ-ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ជាមួយនឹងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំ និងការវិលត្រឡប់ទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពឡើងវិញ»

ក្នុងឱកាសនោះដែរ លោកស្រី ប៊ន សុភី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយដល់សាខានាពេលនេះ និងនាពេលកន្លងមក ពិសេសបានជួយទំនុកបម្រុងផ្នែករូបវន្ត និងអរូបវន្ត ពិសេសការអភិវឌ្ឍស្ថាប័ន អភិវឌ្ឍន៍ធនធានមនុស្ស មន្ត្រី-បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ត និងនិយាយដោយឡែកជួយគាំទ្រធនធានសម្ភារៈ និងថវិកាក្នុងការឆ្លើយតបការងារមនុស្សធម៌ក្នុងរយៈពេល ១ឆ្នាំ ២០២១ កន្លងមកនេះ សាខា និងអនុសាខា ក្រុង ស្រុក បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេង គ្រួសារចត្តាឡីស័ក និងចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍-ជំងឺអេដស៍ សរុប ៧៦៩គ្រួសារ។

សូមបញ្ជាក់ជូនថា សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ទទួលបានជែលលាងដៃចំនួន ៧៣០កេស (ស្នើនឹង ១១,៦៨០ដប) ក្នុងនោះសាខាផ្ទាល់ទទួលបាន ចំនួន ២០កេស ស្មើនឹង ៣២០ដប, អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង៨ ដែលនីមួយៗទទួលបាន ២៥កេស ស្មើនឹង ៣២០០ដប ស្រុកប្រតិបត្តិ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក ទាំង៥១ ដែលនីមួយៗទទួលបាន ១០កេស ស្មើនឹង ៨,១៦០ដប។

នៅថ្ងៃដដែលនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ក៏បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី «ផែនការអភិវឌ្ឍសាខា តាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា» ដោយមានការដឹកនាំកិច្ចប្រជុំ ដោយលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត៕