(កំពង់ឆ្នាំង)៖ ឧបករណ៍ឆក់ត្រីចំនួន៧០គ្រឿង ត្រូវបានពលរដ្ឋនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ស្ម័គ្រចិត្តប្រគល់ជូនសមត្ថកិច្ចវិញ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសច្បាប់នេសាទតទៅទៀតហើយ។

ការសម្រេចចិត្តនេះធ្វើបន្ទាប់ពីលោកបណ្ឌិត សុខ ទូច បានស្រាវជ្រាវអំពីបញ្ហាការបាត់បង់ពូជមច្ឆជាតិក្នុងបឹងទន្លេសាប ដោយសារតែមានការប្រើនូវឧបករណ៍នេសាទល្មើសច្បាប់ ពិសេសឧបករណ៍ឆក់ ដែលឧបករណ៍នេះបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ពូជមច្ឆាជាតិ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ពុំ សុផល អភិបាលរងស្រុកកំពង់លែង បានបញ្ជាក់ប្រាប់ Fresh News នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ដោយអនុវត្តតាមការណែនាំរបស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំជាបន្ទាន់ និងបានដាក់ចេញនូវបទនេះយ៉ាងតឹងរ៉ឹង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយមន្ត្រីជំនាញខណ្ឌជលផលខេត្ត ត្រូវចុះផ្សព្វផ្សាយអប់រំអំពីវិធានការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសការនេសាទដោយប្រើឧបករណ៍ឆក់ត្រី។

ដោយទទួលបាននូវការណែនាំរបស់លោកអភិបាលខេត្ត ដោយឡែកស្រុកកំពង់លែង បានជំរុញនិងប្រកាសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដែលមានក្បាលអាំងស៊ីវិចទ័រឆក់ត្រីគ្រប់ប្រភេទ មានស្មារតីភ្ញាក់រលឹកស្ម័គ្រចិត្តប្រគល់ជូនសមត្ថកិច្ចជំនាញរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក។

ជាលទ្ធផលនៃការផ្សព្វផ្សាយរបស់រដ្ឋបាលស្រុកខាងលើនេះ គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ មានប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងបានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ និងប្រគល់ក្បាលអាំងស៊ីទ័រឆក់ត្រីសរុបចំនួន៧០គ្រឿង ក្នុងនោះមានប្រភេទឆក់ក្តៅចំនួន៦៣គ្រឿង និងប្រភេទឆក់ត្រជាក់ចំនួន៧គ្រឿង។

បច្ចុប្បន្នកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពុងបន្តការកំណត់មុខសញ្ញា ដើម្បីធ្វើការផ្សព្វផ្សាយ និងប្រមូលបន្ត ឈានទៅការលុបបំបាត់ឱ្យខាងតែបាននូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងស្រុកកំពង់លែងជាបន្តទៀត៕