(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០២នេះ បានលើកឡើងថា សង្គមស៊ីវិលគ្មានសិទ្ធិចូលជួបជនជាប់ឃុំ ដែលស្ថិតក្រោមយុត្តាធិការរបស់តុលាការនោះទេ ហើយសូមអនុវត្តសិទ្ធិក្នុងក្របខណ្ឌព្រំដែននៃច្បាប់។

លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «ការដែលចៅក្រមស៊ើបសួរសម្រេចមិនអនុញ្ញាតឲ្យបុគ្គលណាមួយ ចូលជួបជាមួយជនជាប់ឃុំ ត្រូវឈរលើមូលដ្ឋាននៃច្បាប់ និងលើភាពពាក់ព័ន្ធរវាងបុគ្គលនោះ និងជនជាប់ឃុំ! មានតែបុគ្គលដែលបានកំណត់ក្នុងច្បាប់តែប៉ុណ្ណោះ ដូចជាមេធាវីការពារសិទ្ធិ និងក្រុមគ្រួសារ ហើយដែលអ្នកទាំងនោះមិនពាក់ព័ន្ធនឹងសកម្មភាពល្មើសណាមួយរបស់ជនជាប់ឃុំខ្លួនតែប៉ុណ្ណោះ ដែលអាចទទួលបានការអនុញ្ញាតអោយចូលជួបជនជាប់ឃុំបាន ក្រោយការពិនិត្យ និងសម្រេចរបស់តុលាការ!»

កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលចំនួន៨ រួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្សអាដហុកជាដើម បានដាក់លិខិតរួមគ្នាមួយ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំជួបសួរសុខទុក្ខតំណាងសហជីព៨នាក់ ក្នុងមួយខែម្ដង ដោយគិតចាប់ពីខែមករា ឆ្នាំ២០២២ ប៉ុន្តែសំណើនេះត្រូវបានតុលាការបដិសេធ។

លោក គឹម សន្តិភាព បានបញ្ជាក់បន្ថែមថា «រីឯបុគ្គលដែលច្បាប់ពុំបានផ្តល់សិទ្ធិ ឬបុគ្គលដែលមានសកម្មភាពពាក់ព័ន្ធជាមួយសកម្មភាពល្មើសណាមួយរបស់ជនជាប់ឃុំ ដែលកំពុងស្ថិតក្នុងយុត្តាធិការរបស់តុលាការនោះ ជាកម្មវត្ថុនៃការមិនអនុញ្ញាតក្នុងការចូលជូបជនជាប់ឃុំនោះទេ!»

លោកបន្តថា នៅកម្ពុជាគ្មានមាត្រាច្បាប់ណាមួយដែលចែងអំពីសិទ្ធិរបស់សង្គមស៊ីវិលក្នុងការចូលជួបជនជាប់ឃុំនោះទេ ហេតុនេះការសម្រេចរបស់ចៅក្រមក្នុងបដិសេធ មិនអនុញ្ញាតឲ្យតំណាងសង្គមស៊ីវិលចូលជួបជនជាប់ឃុំ គឺជាសិទ្ធិអំណាចតាមច្បាប់របស់តុលាការកម្ពុជា និងជាការអនុវត្តត្រឹមត្រូវទៅតាមនីតិវិធីនៃច្បាប់កម្ពុជាផងដែរ។

អ្នកនាំពាក្យរូបនេះ បានជំរុញឱ្យសង្គមស៊ីវិល សិក្សាអំពីតួនាទី និងសិទ្ធិរបស់ខ្លួនដែលចែងក្នុងច្បាប់ឱ្យបានច្បាស់លាស់ ហើយសូមអនុវត្តសិទ្ធិរបស់ខ្លួនក្នុងក្របខណ្ឌព្រំដែននៃច្បាប់ដែលបានកំណត់ឱ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា កាលពីដើមខែមករា តុលាការបានសម្រេចឃុំខ្លួនមនុស្ស៨នាក់ ពាក់ព័ន្ធនឹងករណីញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ា នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ចោទប្រកាន់ដូចគ្នាពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្នុងនោះរួមមាន៖ ១.ឈឹម ស៊ីថរ, ២.រី សុវណ្ណឌី, ៣.សុន ស្រីពេជ, ៤. ហៃ សុភាព, ៥. ឃ្លាំង សុបិន្ត, ៦.ទូច សិរីមាស, ៧. ឈឹម សុខន និងទី៨. សុខ ណារិទ្ធផងដែរ៕