(ភ្នំពេញ)៖ មូលនិធិពានរង្វាន់សន្តិភាពសាន់ហាក់ (Sunhak Peace Prize) នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពី «ការប្រកាសជាផ្លូវការនូវជ័យលាភីពានរង្វាន់សន្តិភាពសាន់ហាក់ លើកទី៥ រួមទាំងពានរង្វាន់ស្ថាបនិក»។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទសារព័ត៌មាននេះ នឹងធ្វើឡើងនៅវេលាម៉ៅង ០៤៖០០ រសៀល (ម៉ោងនៅទីក្រុងភ្នំពេញ) នៅសាលប្រជុំ៖ ភូគីត្រាទី១ ជាន់ទី២ ក្នុងសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phokeethra)។

ម្ចាស់ជ័យលាភីទាំងអស់ គឺត្រូវបានផ្តល់កិត្តិយស ពីព្រោះពួកគាត់បានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍មនុស្ស រួមទាំងការខិតខំប្រឹងប្រែងដើម្បីការពារសុខភាព និងសុខុមាលភាពរបស់មនុស្សជាតិ នៅក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩។

បើតាមសេចក្តីប្រកាសរបស់មូលនិធិពានរង្វាន់សន្តិភាពសាន់ហាក់ គឺជ័យលាភីម្នាក់ៗនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ និងមេដាយមាស នៅឯកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ (កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាធារណរដ្ឋកូរ៉េ។

គណៈកម្មាធិការជ្រើសរើសរង្វាន់សន្តិភាពសាន់ហាក់ ដឹកនាំដោយ លោក ជូស ម៉ានូអែល ប៉ារ៉ូសូ (Hon. Jose Manuel Barroso) អតីតប្រធានគណៈកម្មការអឺរ៉ុប បានអញ្ជើញអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ចុះផ្សាយពីព្រឹត្តិការណ៍នេះ ដើម្បីប្រកាសពីជ័យលាភីពាន់រង្វាន់នេះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីចុងខែមករា កន្លងទៅ ត្រូវបានមូលនិធិពានរង្វាន់សន្តិភាពសាន់ហាក់ប្រកាសថា បានឈ្នះពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២។ ការផ្តល់ពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ហើយការដឹកនាំរបស់សម្តេចតេជោ ពិតជាបានរួមចំណែកដល់ការកសាងសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

ចំពោះអ្នកសារព័ត៌មាន និងមានបំណងចូលរួមនៅក្នុងសន្និសីទសារព័ត៌មានខាងនេះ ត្រូវបញ្ជាក់អំពីការចូលរួមរបស់ខ្លួន នៅត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយទំនាក់ទំនងតាមលេខទូរស័ព្ទ (ឬ តាមប្រព័ន្ធ Telegram)៖ ០៩៩ ៩២៩ ៣២៣ / ០៩២ ៩១២ ៤៥៦៕