(ស្វាយរៀង)៖ មានចោរមួយក្រុមមានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើងវែង បានធ្វើសកម្មភាពចូលប្លន់ផ្ទះប្រជាពលរដ្ឋទាំងក្បាលព្រលប់ យកបានខ្សែដៃមាស១ខ្សែទម្ងន់៥ជី និងលុយប្រមាណ២០០ដុល្លារ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ករណីក្រុមចោរធ្វើសកម្មភាពប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិឫស្សីជួរខាងជើង ឃុំក្រាលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ច ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះចែត ភន អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ុន ធីតា អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ ប្រភពបានបញ្ជាក់ថា មុនពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះនៅអង្គុយ ខាងក្រោមផ្ទះ ស្រាប់តែមានក្រុមចោរ១ក្រុម មានគ្នា០៣នាក់ស្លៀកពាក់ខោលីអូ បិទមុខ ប្រដាប់ដោយអាវុធ វែងគ្រប់ដៃ ចូលមកភ្ជង់បុរសជាប្តី ហើយសម្លុតគម្រាមឲ្យយកមាសប្រាក់ឲ្យពួកគេ។

ដោយមានការភ័យខ្លាច ប្រពន្ធជនរងគ្រោះបានទៅយកកាបូបយួដៃ ដែលដាក់ខ្សែដៃមាស១ខ្សែ ទម្ងន់៥ជី និងប្រាក់ដុល្លារចំនួន២០០ដុល្លារឲ្យទៅក្រុមចោរ ហើយនៅក្នុងកាបូបយួដៃនោះមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងបណ្ណចាក់វ៉ាក់សាំងការពារកូវីដ-១៩ ផងដែរ។ បន្ទាប់យកបានមាសប្រាក់ភ្លាម ក្រុមចោរបាននាំគ្នាគេចខ្លួនបាត់ស្រមោលឈឹង។

សមត្ថកិច្ចបន្តថា បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានទូរស័ព្ទទៅក្រុមការងារប្រចាំបញ្ជា 117 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសុំការអន្តរាគមន៍។ បន្ទាប់ពីទទួលបានព័ត៌មាន លោកអនុសេនីយ៍ឯក ស្រ៊ី ស៊ីថន ក្រុមការងារប្រចាំបញ្ជា117 បានបញ្ជូនព័ត៌មានទៅលោក ប៊ូ សារ៉េន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចុះអន្តរាគមន៍បន្ទាន់។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាន លោកស្នងការរងខេត្តស្វាយរៀង បានដឹកនាំសមត្ថកិច្ចជំនាញចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យស្រាវជ្រាវ ឃើញថា ជនសង្ស័យមួយក្រុមប្រដាប់ដោយអាវុធវែង ២ដើម មិនស្គាល់ម៉ាក និងគល់ឬស្សី១កង់ ប្រវែងប្រហែល ៨០ស.ម បានធ្វើសកម្មភាពភ្ជង់គំរាមម្ចាស់ផ្ទះយកមាសអស់ ០៥ជី លុយ ២០០ដុល្លារ និងទូរសព្ទមួយគ្រឿង។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកចាប់ក្រុមចោរខាងលើ ដើម្បីយកផ្តន្ទាទោសតាមច្បាប់។

បើតាមលោក គោគ វណ្ណថន មេឃុំក្រោលគោ ស្រុកស្វាយជ្រំ បានឲ្យដឹង នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក និងក្រុមការងារ បានចូលរួមសួរសុខទុក្ខ ប្រជាពលរដដែលរងគ្រោះឈ្មោះ ចែត្រ ធាន អាយុ៤០ឆ្នាំ ប្រពន្ធឈ្មោះ អ៊ុន ធីតា អាយុ៣៨ឆ្នាំ នៅភូមិឫស្សីជួរខាងជើង ដែលត្រូវចោរប្លន់ កាលពីវេលាម៉ោង ៦៖៣០នាទីព្រលប់។

លោកថា ក្រុមចោរមានគ្នា៣នាក់ ប្រដាប់ដោយអាវុធ៣ដើម ស្លៀកខោលីអូ។ នៅក្នុងឱកាសនោះ លោកបាននាំយកថវិកា លោក សូ សូច័ន្ទ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្វាយជ្រំ ចំនួន១០០០០០រៀល និងថវិកា មេឃុំក្រុមប្រក្រុមប្រឹក្សាឃុំចំនួន១០០០០០រៀល សារុបថវិកា ២០០០០០រៀល ផ្តល់ជូនជនរងគ្រោះទៀតផង។ មកដល់ពេលនេះ សម្ថកិច្ចកំពុងតែដុតដៃដុតជើង និងស្វែងរកជនខិលខូច មិនទាន់មានសញ្ញានៅឡើយ៕