(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋរស់នៅភូមិឆែប ភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ឲ្យយល់ដឹងពីជំងឺគ្រុនចាញ់ក្នុងគោលបំណងកាត់បន្ថយការឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ ដើម្បីឈានទៅរកផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា នៅខែធ្នូ ឆ្នាំ២០២១ នៅភូមិឆែប និងភូមិក្រសាំង ក្នុងឃុំឆែបមួយ ស្រុកឆែប មានករណីជំងឺគ្រុនចាញ់ប្រភេទផ្លាស់ស្មូយ៉ូម ហ្វាស៊ីហ្វារ៉ូម (ប្រភេទគ្រុនចាញ់សន្ធំ) ចំនួន២ករណីដែលបានធ្វើតេស្ត រកឃើញ និងព្យាបាលដោយមន្រ្តីមណ្ឌលសុខភាពឆែប ហើយក្នុងខែមករា ឆ្នាំ២០២២នេះ បានរកឃើញករណីជំងឺគ្រុនចាញ់ប្រភេទនេះចំនួន១ករណីទៀតលើកុមារអាយុ ៩ឆ្នាំ។

លោកថា មជ្ឈមណ្ឌលជាតិប្រយុទ្ធគ្រុនចាញ់ មន្ទីរសុខាភិបាលខេត្ត និងដៃគូរអភិវឌ្ឍន៍ ដូចជា UNOPE និង CRS បានកំពុងសកម្មភាពមួយចំនួន ដើម្បីការពារការចំលងជំងឺគ្រុនចាញ់ប្រភេទនេះនៅក្នុងភូមិឆែប ភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្រ្តជាតិស្តីពីការលប់បំបាត់ជំងឺគ្រុនចាញ់គ្រប់ទំរង់ក្នុងឆ្នាំ២០២៥ ដូចនេះក្រុមការងារដែលដឹកនាំដោយរូបលោក បានចុះទៅភូមិខាងលើដើម្បីធ្វើការអប់រំ ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ដឹងនិងវិធីការពារខ្លួនមួយចំនួនកុំឲ្យកើតជំងឺគ្រុនចាញ់។

ក្រុមការងារបានអប់រំណែនាំប្រជាពលរដ្ឋអំពីការការពារជំងឺគ្រុនចាញ់ អំពីផលលំបាកដែលបណ្តាលមកពីជំងឺគ្រុនចាញ់ និងសំណូមពរប្រជាពលរដ្ឋចូលរួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន ជាមួយមន្រ្តីសុខាភិបាលក្នុងសកម្មភាព លុបបំបាត់ជំងឺគ្រុនចាញ់ ដោយគ្រាន់តែឲ្យគាត់សំរាកពេលយប់ក្នុងមុងជ្រលក់ថ្នាំ ដាក់ជើងមុងឲ្យបានត្រឹមត្រូវ ចូលព្រៃឬចំការ ត្រូវគេងក្នុងមុងជ្រលក់ថ្នាំ សូមស្លៀកសំលាកបំពាក់ឲ្យជិតខ្លួន និងដៃជើង ហើយបើមានសញ្ញាសង្ស័យ ជំងឺគ្រុនចាញ់សូមទៅជួបនឹងអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ភូមិ ឬមន្រ្តីមណ្ឌលសុខភាព ដើម្បីធ្វើតេស្ត និងព្យាបាលដោយឥតគិតថ្លៃ និងបានធ្វើតេស្ត (RDT) រកជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋដែលបានចូលរួម។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងពន្យល់ណែនាំប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ដូសជំរុញឲ្យបានគ្រប់គ្នានៅពេលដល់វេណដែលត្រូវចាក់ ហើយត្រូវបន្តអនុវត្តឲ្យបានត្រឹមត្រូវ នូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល «ការពារ និង៣កុំ» ព្រមទាំងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍យើងកុំឲ្យឆ្លងជំងឺកូវីដ១៩៕