(ភ្នំពេញ)៖ យុវជនម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលបើកបរម៉ូតូលើផ្លូវមួយ ក្នុងភូមិជំទាវម៉ៅ សង្កាត់កំបូល ខណ្ឌកំបូល ក៏ត្រូវបុរសម្នាក់បើករថយន្តបញ្ច្រាស់ទិសគ្នា បុកយ៉ាងពេញទំហឹងអូសជាង២០ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម័។

តាមការបញ្ជាក់របស់បងប្អូនជនរងគ្រោះបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយយុវជនរងគ្រោះឈ្មោះ សាន សារ៉ាក់ អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ វិទ្យាល័យហ៊ុនសែនអង្គស្នួល ជិះម៉ូតូកូនទា ចេញពីរៀន និងជនសង្ស័យជិតរថយន្ត Ford Ranger ពាក់ស្លាកលេខ កណ្តាល 2D-8077។

លោក វណ្ណៈ ជាបងប្រុសរបស់ជនរងគ្រោះបានបញ្ជាក់ថា បុរសដែលបើកបររថយន្ត ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បើករថយន្តរ៉េចង្កូតមកបុកប្អូនប្រុសរបស់គាត់ ផ្លោងទៅម្ខាងនៃផ្លូវបណ្តាលឲ្យបាក់ក បាក់ជើង ខ្ទេចខ្ទាំទ្រូង និងរបួសពេញខ្លួន ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ហើយឡាននោះបន្តអូសម៉ូតូនៅក្រោមឡានចម្ងាយ២២ម៉ែត្រ ទើបឈប់ដោយទៅមុខលែងរួច។

បងប្រុសជនរងគ្រោះបញ្ជាក់ទៀតថា «ពេលបុកប្អូនខ្ញុំហើយអ្នកបង្កមិនបានចុះមកមើលអ្វីទេ គឺនៅក្នុងឡានចាំប៉ូលិសនាំខ្លួនទៅ ក៏បាត់ស្រមោលទៅ»

មន្ត្រីនគរបាលខណ្ឌកំបូលបានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់យុវជននេះ ត្រូវបញ្ជូនទៅដោះស្រាយនៅស្នងការដ្ឋានរាជធានីភ្នំពេញហើយ។

សាច់ញាតិជនរងគ្រោះ សូមអំពាវនាវដល់ស្នងការរាជធានីភ្នំពេញ ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលត្រូវស្លាប់យ៉ាងវេទនានេះផង សូមឲ្យបញ្ជូនជនល្មើសរូបនោះទៅតុលាការផ្តន្ទាទោសតាមច្បាប់៕