(កណ្ដាល)៖ លោក ណុប រ័ត្ននិមល សមាជិកយុវជនគណបក្សថា្នក់កណ្ដាល ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាងលោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោក ណុប រ័ត្ននិមល បានថ្លែងអរគុណសន្តិភាព ហើយដោយបានបញ្ជាក់ថា ការរីកចម្រើននូវលើគ្រប់វិស័យទៅបាន ពិសេសវិស័យអប់រំនាពេលនេះ គឺដោយសារកត្តាសុខសន្តិភាព។ សុខសន្តិភាពប្រៀបបានទៅនឹងអ៊ុកស៊ីសែន ព្រោះថាបើគ្មានអ៊ុកស៊ីសែននោះទេ ជីវិតមនុស្ស សត្វលោកយើងនេះ ក៏មិនអាចរស់រានមានជីវិតទៅបានផងដែរ។ ដូចជានៅបណ្តាប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា នៅតំបន់អាហ្វ្រិក នៅក្នុងតំបន់របស់យើង និងនៅជាង៣០ឆ្នាំ ៤០ឆ្នាំមុននេះ ប្រទេសកម្ពុជា បានរងគ្រោះការបំផ្លិចបំផ្លាញនូវហេដ្ឋានរចនាសម្ព័ន្ធស្ទើរគ្មានសល់ដោយសារតែសង្គ្រាម។

បច្ចុប្បន្ននេះ នៅក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិត នៃប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយនៅក្នុងបរិបទ នៃការឆ្លងរីករាលដាលជាសាកល នៃជំងឺកូវីដ១៩ សម្តេចបានខិតខំគ្រប់គ្រង ទប់ស្កាត់ ដោយបានស្វះស្វែងរកជំនួយ និងទិញវ៉ាក់សាំងការពារ មកចាក់ជូនកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ និងឈានបានបើកប្រទេសជាតិឡើងវិញ។

លោក ណុប រ័ត្ននិមល ក៏បានសំណូមពរដល់សិស្សានុសិស្សនៅទូទាំងស្រុកណ្តាលស្ទឹង ខិតខំសិក្សារៀនឲ្យក្លាយខ្លួនជាមនុស្សល្អ ជាទំពាំងស្នងឬស្សី ក្នុងអភិវឌ្ឍជាតិ និងបានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ស្រុកកណ្តាល បន្តការចូលរួមថែរក្សាសុខសន្តិភាព និងការអនុវត្តវិធានការសុខភាបាល ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសង្គមជាតិកម្ពុជា។

លោក ណុប រ័ត្ននិមល បាននាំអំណោយ សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភសិស្សនិទ្ទេស A ចំនួន ៣នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ Zoomer-X ១គ្រឿង និងថវិកា៤០ម៉ឺនរៀល។ សិស្សានុសិស្ស ចំនួន៦៩៧នាក់ ក្នុងម្នាក់ៗទទួលបានប៊ិចសៀវភៅ និងថវិកា ៣ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូ ចំនួន៩៧នាក់, សុខាភិបាលស្រុក ចំនួន៥នាក់, ការិយាល័យអប់រំ ចំនួន១២នាក់, ក្រុមប្រឹក្សាឃុំបាគូ ចំនួន៥នាក់ និងក្រុមប្រឹក្សាឃុំទាំង១៧ ចំនួន១៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងបានឧបត្ថម្ភរដ្ឋបាលស្រុកកណ្ដាលស្ទឹង ថវិកាចំនួន១លាន៥០ម៉ឺនរៀល ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចផងដែរ។

លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង បានធ្វើរបាយការណ៍ស្វាគមន៍ឲ្យដឹងថា នៅទូទាំងស្រុក មានមតេយ្យសិក្សារដ្ឋ ១៩កន្លែង និងមតេយ្យសិក្សាសហគមន៍ ២១កន្លែង, បឋមសិក្សា ៣២កន្លែង, និងមធ្យមសិក្សា ១៩កន្លែង។ ក្នុងឆ្នាំសិក្សា ២០២០-២១ សិស្សថ្នាក់ទី១២ ប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ៥៦៦នាក់/ស្រី ៣៣៩នាក់ ហើយបានប្រឡងជាប់ សរុបមានចំនួន ៤១៦នាក់ ក្នុងនោះ ប្រឡងជាប់និទ្ទេសអេ មានចំនួន ៣នាក់/ស្រី ១នាក់។

ក្នុងឱកាសនោះ ក៏មានរៀបចំផ្ដល់ឱវាទអប់រំផ្លូវចិត្ត តាមបែបព្រះពុទ្ធសាសនា (គុណមាតាបិតា) និមន្ដដោយព្រះសង្ឃ៣ព្រះអង្គ។ បទបង្ហាញ មុនពេលប្រឡង នៅពេលប្រឡងធ្លាក់ និងនៅពេលប្រឡងជាប់ ពីសំណាក់វាគ្មិនដែលមានបទពិសោធន៍ និងការចូលរួមផ្តល់បទពិសោធន៍ និងវិធីសាស្ត្រប្រឡងឱ្យទទួលបាននិទ្ទេសល្អ របស់សិស្សទទួលបាននិទ្ទេស A ទូទាំងប្រទេស ចំនួន ៣រូបក្នុងស្រុកកណ្តាលស្ទឹង៕